របួសធ្ងន់ពីរនាក់ ដោយសារមានរថយន្តបោលបំបុកចូលក្នុងផ្ទះ

(ខេត្តកំពត)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីពីរនាក់ ដែលគេស្គាល់ជាប្តីប្រពន្ធនឹងគ្នា បានរងរបួសជាទម្ងន់ ដោយសារហេតុការរថយន្តដឹកទំនិញបោលបំបុកចូលក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងរៀបចំទុកដាក់របស់របរនៅក្នុងផ្ទះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើដងផ្លូវជាតិលេខ៣៣។

យោងតាមប្រភពព័ត៌មាននៅចំណុចកើតហេតុបាននិយាយថា មុនពេលកើតរឿងដ៏អាក្រក់នេះ គេឃើញរថយន្តប្រភេទដឹកទំនិញខ្នាតមធ្យមបង្កបញ្ហាខាងលើ បើកបរមកពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខណៈកំពុងធ្វើដំណើរលើដងផ្លូវសុខៗ ស្រាប់តែរថយន្តបង្កបានរេចង្កូតទៅផ្នែកខាងឆ្វេងនៃផ្លូវម្ខាងទៀត ហើយរថយន្តក៏បោលបំបុកចូលផ្ទះគេទាំងកំរោល បណ្តាលឱ្យម្ចាស់ផ្ទះទាំងពីរនាក់ប្តី ប្រពន្ធ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ សាច់ញាត្តិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍និងឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ ដើម្បីនាំមកសាកសួររកមូលហេតុនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច៕ សេង ណារិទ្ធ