រថយន្ត និងរថភ្លើងបុកគ្នា ធ្វើឲ្យតៃកុងរថយន្តរងរបួសធ្ងន់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រថយន្តបុកជាមួយរថភ្លើង បណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសជាទម្ងន់

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ឆ្លងកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តដែលបុកជាមួយរថភ្លើងនាគ្រានោះ ត្រូវគេដឹងថា ជាប្រភេទសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅចេញពីខេត្តព្រះសីហនុ ពោះទៅរាជធានីភ្នំពេញ ដឬលកំពុងបើកឆ្លងផ្លូវ ដោយមិនមានការដាក់ប៉ារាស់បញ្ជាឈប់នោះឡើយ។

សមត្ថកិច្ចបាននិយាថា នៅក្នុងហេតុការណ៍ដែលបានកើតឡើងនោះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) និងនៅក្នុងរថយន្តនោះ មិនមានអ្នករួមដំណើរនោះទេ ។

 ក្រោយជួបរឿងដ៏អាក្រក់នេះ អ្នកកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ និងបានជួយបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ។ រីឯវត្ថុតាងត្រូវបានបញ្ជូនយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងត្រូវបានបន្តដំណើរទៅមុខទៀត ៕