បើកឡានដឹកឈើក្នុងស្ថានភាពស្រវឹងបុកអ្នកថ្មើរជើង បង្កឲ្យមានអ្នកស្លាប់និងរងរបួសធ្ងន់

កំពង់ធំ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ បង្កដោយឡានដឹកផលអនុផលព្រៃឈើ បើកបរក្នុងស្ថានភាពស្រវឹងបុកពីក្រោយខណៈពេលកំពុងដើរក្នុងទិសដៅស្របគ្នា។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាករណីនេះកើតឡើងវេលាម៉ោងប្រមាណ ៦ៈ៤៥នាទីល្ងាចថ្ងៃទី ១២ តុលា ២០២១ នៅចំណុចភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ករណីនេះដែរបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ (ភ្នំពេញ2H-4575) ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ឈ្មោះ ហួត រស់នៅ ភូមិកំពង់ធំសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ បើកបរទិសដៅពីខេត្តព្រះវិហារឆ្ពោះមកខេត្តកំពង់ធំក្នុងល្បឿនលឿនមកដល់ចំណុចភូមិ ឃុំខាងលើ ក៏បុកអ្នកដើរពីក្រោយតែម្ដង។

ពួកគាត់ប្រាប់បន្ថែមថា នៅពេលដែលជនបង្កបុកភ្លាម បានបើកឡានរត់គេចប៉ុន្តែដោយមានការអន្តរាគមន៍ពីប្រជាពលរដ្ឋខលទៅសមត្ថកិច្ច រថយន្តបង្កនិងម្ចាស់ត្រូវឃាត់ខ្លួនបាន នៅចំណុច ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរបណ្ដាលឱ្យបុរសម្នាក់ឈ្មោះឃួន ផុន អាយុ ប្រហែល ២៨ឆ្នាំ រស់នៅ ភូមិម្រាក ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ដោយឡែកបុរសម្នាក់ទៀត ឈ្មោះ សាម វិបុល អាយុប្រហែល ១៦ឆ្នាំរស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ករងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

បច្ចុប្បន្នជនបង្កនិងវត្ថុតាងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គចំណាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សោម សាវ៉ាត អធិការស្រុកប្រាសាទបល្ល័ង្គបានបញ្ជាក់ប្រាប់ វេលាម៉ោង ៨ៈ១២នាទី យប់ទី១២ តុលា ២០២១ ថាចំពោះករណីចរាចរណ៍នេះរបាយការណ៍កំពុងតែធ្វើមិនទាន់រួចរាល់នៅឡើយទេ ពេលណារួចរាល់លោកនិងទំនាក់ទំនងផ្ដល់ជូន ។រហូតមកទល់ពេលនេះ ទាក់ទិននឹងករណីឡានដឹកឈើបុកមនុស្សស្លាប់ខាងលើអង្គភាពគេហទំព័រនិងទូរទស្សន៍អនឡាញញូវេហាស៍ មិនទាន់មានការបំភ្លឺនឹងទទួលរបាយការណ៍ពីសមត្ថកិច្ចជំនាញនៅឡើយទេ ដោយព្យាយាមទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅលោកសោម សាវ៉ាត អធិការស្រុកប្រាសាទបល្ល័ង្គ ទទួលបានហើយប៉ុន្តែមិនឆ្លើយតប។