ឯកឧត្តម ឡុង ណារូ៉ អំពាវនាវទៅកាន់កងទ័ព ឲ្យបន្តអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការចម្លងឆ្លងរាលដាល នៃមេរោគកូវីត-១៩.!

ព្រះវិហារ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ឡុង ណារូ៉ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវទៅកាន់វីរយុទ្ធជន យុទ្ធនារី ព្រមទាំងក្រុមគ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣កុំ និង៣ការពារ» តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ជាមួយនឹងការអនុវត្តវិធានការ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ បងប្អូនញាតិមិត្ត និងបានរួមចំណែកជួយការពារសុវត្តិភាពសាធារណៈ លើសពីនេះជួយសម្រាលការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើងផងដែរ ។

ប្រសាសន៍អំពាវនាវរបស់ឯកឧត្តម ឡុង ណារូ៉ នៅក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៨។ ក្រោមកិច្ចទទួលបដិសណ្ឋារកិច្ចពីសំណាក់លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ឡុង ណារូ៉ បានលើកឡើងថា៖ បើទោះបីជាប្រទេសជាតិ កំពុងរងនូវផលប៉ះពាល់ខ្លាំងពីជំងឺរាត្បាតកូវីដ-១៩ កម្ពុជាក៏នៅតែរក្សាបាន នូវស្ថិរភាពសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និរន្តរភាព នៃស្ថាប័នរដ្ឋ និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមល្អប្រសើរ នៅទូទាំងប្រទេស ។

ឯកឧត្តម ឡុង ណារ៉ូ បានបញ្ជាក់ថា៖ ទោះបីស្ថិតក្នុងស្ថានភាព ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដ៏លំបាកយ៉ាងណាក៏ដោយ ក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឧបត្ថម្ភជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងសម្ភារ បរិក្ខារ និងថវិកា គិតជាទឹកប្រាក់សរុបចំនួន ៧.២៦៩.៤១៩.១៤១ រៀល (ប្រាំពីរប៊ីលាន ពីររយហុកសិបប្រាំបួនលាន បួនរយដប់ប្រាំបួនពាន់ មួយរយសែសិបមួយរៀល) ។

ជាមួយនឹងការឧបត្ថម្ភ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានធ្វើការក្រើនរំលឹកទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងបាន កម្លាំងមួយដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដីឲ្យបានគង់វង្ស រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ជូនផងដែរ នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំមកនូវសម្ភារសំណង់សម្រាប់ជួលជុលអគារធ្វើការ ផ្ទះបាយ រួមមាន៖ ស៊ីម៉ង់តិ៍ ចំនួន ៤០តោន, ខ្សាច់ ចំនួន ២០០ម៉ែត្រគូប, ថ្មតូច ចំនួន ៤០ម៉ែត្រគូប, ដែកទំហំ១៤លី ចំនួន ៤តោន, អាល់កុល ចំនួន ៦០០លីត្រ,៕ សួនលីណា