ករណីឃាតកម្មមួយកើតឡើង ដោយជនសង្ស័យបានយកលំពែងមកចាក់ជនរងគ្រោះ ខណៈគាត់កំពុងដេកលង់លក់នៅក្រោមផ្ទះ

ខេត្តក្រចេះ ៖ ករណីឃាតកម្មមួយកើតឡើង ដោយជនសង្ស័យបានយកលំពែងមកចាក់ជនរងគ្រោះ ខណៈគាត់កំពុងដេកលង់លក់នៅក្រោមផ្ទះរបស់គាត់។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៣ តុលា ស្ថិតនៅចំណុចភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។

របាយការណ៍នគរបាលបានបញ្ជាក់ថា ជនរងគ្រោះខាងលើឈ្មោះ គឹម ញឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅភូមិព្រៃគោ ឃុំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកជនសង្ស័យ ឈ្មោះ ខាំ យ៉ាត ភេទប្រុស អាយុ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅ ភូមិ ឃុំជាមួយជនរងគ្រោះ។

របាយការណ៍បញ្ជាក់ទៀតថា ដោយសារកាលពីមុនជនរងគ្រោះ និងជនសង្ស័យ ធ្លាប់មានរឿងនឹងគ្នា គ្រានោះជនរងគ្រោះចោទជនសង្ស័យថា យកថ្នាំពុលទៅដាក់ក្នុងទឹកពាងរបស់គាត់ ។ លុះក្រោយមក ជនសង្ស័យថា ជនរងគ្រោះតែងតែស្រវឹងដៀមដាមគាត់ជានិច្ច ។ 

លុះដល់ថ្ងៃទី១៣ តុលា ម្សិលមិញនេះ ជនសង្ស័យបានទៅផឹកស្រានៅផ្ទះបុណ្យ ៧ថ្ងៃអ្នកជិតខាង ក្នុងភូមិកើតហេតុ រហូតដល់ពេលរសៀលបានត្រឡប់មកផ្ទះវិញ ពេលអង្គុយនៅផ្ទះក៏ឮជនរងគ្រោះនិយាយដៀមដាមថា ឆ្នាំងណាគំរបនឹង ឮដូច្នេះជនសង្ស័យឃើញជនរងគ្រោះដេកលក់នៅលើគ្រែក្រោមផ្ទះក៏ទាញលំពែងទៅចាក់ចំឆ្អឹងជំនីរខាងឆ្វេង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កំលាំងនគរបាលជំនាញស្រុកឆ្លូង សហការជាមួយកំលាំងប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកឆ្លូងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តដើម្បីបន្តនិតិវិធី៕