កាកបាទក្រហមខេត្តកំពង់ចាម បានផ្ដល់ផ្ទះ១ខ្នង​ ជូនស្ត្រីមេម៉ាយ​ ទីទ័ល​លំបាកកូនច្រើន បន្ទាប់ពីរងគ្រោះដោយអគ្គីភ័យ

0

កំពង់ចាម​:​ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទកម្ពុជាខេត្ត និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ បានអញ្ជេីញប្រគល់ផ្ទះ ១ខ្នង​ ជូន​ស្រ្តីមេម៉ាយ​ទីទ័លលំបាក​ ឈ្មោះ សន វី អាយុ​៣៦ឆ្នាំ​ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក បន្ទាប់ពី​រងគ្រោះដោយ​អគ្គីភ័យ​ នៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ​ ឯកឧត្តម ហ៊ុន ណេង និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់​ និងបានអំពាវនាវ សូម​យកចិត្តទុកដាក់គិតគូរថែទាំសុខភាព​ឲ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត ត្រូវសម្រាន្តក្នុងមុង និងពិសារទឹកឆ្អិនដាំពុះជានិច្ច​ ជាពិសេស ត្រូវបន្តរៀនរស់នៅជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្ត​តាមវិធានសុខាភិបាល “៣ការពារ​ ៣កុំ និង ២ចូលរួម ” ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ព្រមទាំងសូមជូនពរដល់ម្ចាស់ផ្ទះ​ថ្មី និងលោកយាយ លោកតាទាំងអស់​ សូមមានសុខភាពរឹងមាំ អាយុយឺនយូរ ហើយបន្តរស់នៅ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍​ផងដែរ​ ។

ជាមួយគ្នា​នោះ​ សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយមនុស្សធម៌ ជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ ៥០kg, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់, អាវយឺត ១៦,​ សម្ភារផ្ទះបាយ​ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន​ ២៧មុខ ព្រមទាំងថវិកា ២០០.០០០រៀល។ បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ណេង ក៏បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀល។​
ចំពោះ លោកយាយ​ លោកតា​ ចំនួន​ ២០នាក់​ ដែលអញ្ជេីញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ​ ក្នុងម្នាក់ៗទទួលបាន​ ៖ អង្ករ ២៥kg, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ )​ ១កញ្ចប់,​ អាវយឺត ៤ , ម៉ាស់ ៥បន្ទះ និងថវិកា ២០.០០០រៀល​ផងដែរ​ ។

គួរបញ្ជាក់ថា​ ផ្ទះថ្មី​ ១ខ្នងនេះ​ ត្រូវចំណាយអស់ថវិកា ៨.៦៥០ដុល្លារ​អាមេរិក​ សង់ពីឈេីខ្ពស់ផុតពីដី​ ២ម៉ែត្រ​ មានទំហំ ៥ម x ៧ម​ និងមានផ្ទះបាយជាប់ខាងក្រោយ​ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្មាបត រនាបឬស្សី មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ​ (Solar) អាចប្រេីទូរទស្សន៍១​ កង្ហារ​ ១​ និងអំពូល៥​ ផងដែរ​ ៕