ឯកឧត្តម ងួន រតនៈ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កចំនួន ៤ទីតាំង ក្នុងក្រុងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈបន្តបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

(កំពង់ធំ): នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ចំនួន៤ទីតាំង ក្នុងក្រុងស្ទឹងសែន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការត្រៀមលក្ខណៈការរៀបចំបើកសាលាឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ។

ក្នុងដំណើរ អញ្ជើញចុះពិនិត្យ ឯកឧត្តម ងួន រតនៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់នូវរបាយការណ៍វឌ្ឍនភាព រួចមក ឯកឧត្តមអភិបាលខេត្ត បានជំរុញ ណែនាំដល់មន្ត្រីពាក់ព័ន្ធធ្វើការបែងចែកក្រុមការងារបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអ្នកជំងឺកូវីដ -១៩ កម្រិតស្រាលត្រូវបានប្តូរទៅសម្រាកព្យាបាលនៅអគារសិក្សារបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជនដែលក្រុមការងារបានសម្រេចយកទីតាំងនោះ។
ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវពិនិត្យការរៀបចំដឹកជញ្ជូនសម្ភារផ្សេងៗដែលសល់ពីកន្លែងចត្តាឡីស័កចេញពីសាលាឲ្យអស់ ជាពិសេស ត្រូវរៀបចំសំអាតបរិស្ថានទាំងក្នុងបន្ទប់ និងទីធ្លាជុំវិញខាងក្រៅសាលា គ្រប់សព្វទីកន្លែងទៀតផង ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បន្ដទៅពិនិត្យការសាងសង់រូបសំណាក់ខ្ញុំស្រឡាញ់កំពង់ធំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅសួនច្បារតាមដងស្ទឹងសែន។

សូមបញ្ជាក់ផងដែរថា កន្លងទៅនេះ រដ្ឋបាលខេត្ត បានយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័កចំនួន ៤ទីតាំង ក្នុងក្រុងស្ទឹងសែន ក្នុងនោះរួមមាន មណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនបល្ល័ង្ក មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់ មណ្ឌលចត្តាឡីស័កវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវពហុបច្ចេកទេសកំពង់ធំ ហើយបច្ចុប្បន្នក្រុមការងារបានចុះពិនិត្យ និងសម្រេចយកអគារសិក្សារបស់មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនសម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យព្យាបាលជំងឺកូវីដ- ១៩កម្រិតស្រាលនិងកន្លែងសម្រាប់ធ្វើចត្តាឡីស័ក។