ស្បៀងអាហារនិងសម្ភារៈផ្ដល់ជូនដល់ពលរដ្ឋ១៥០គ្រួសារនៅក្រុងសិរីសោភ័ណដែលរងគ្រោះដោយទឹកជំនន់

0

ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ អំណោយស្បៀងអាហារនិងសម្ភារៈ១៥០កញ្ចប់ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋ១៥០គ្រួសារនៅក្រុងសិរីសោភ័ណ ក្នុងអំឡុងដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ស្របក្នុងបរិបទជម្ងឺកូវីត១៩ នាព្រឹកថ្ងៃទី២៨ តុលា២០២១។
ស្បៀងអាហារនិងសម្ភារៈជាអំណោយរបស់ក្រុមហ៊ុនតូតាល់អេនឺជី(Total Energy ) តាមរយះបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ត្រូវបានបង្រើកខ្លួនដើម្បីបំរើសេវាជូនដល់អតិថិជន ស្របតាមកំណើនសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជាអធិបតី
និងចូលរួមដោយ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកប៉េង ពិសិដ្ឋ ប្រធានផ្នែកធនធានមនុស្ស តំណាងក្រុមហ៊ុន Total Energy , Cambodia …។
កម្មវិធីសប្បរស់ធម៏នេះធ្វើឡើងនៅស្ថានីយ៍ក្រុមហ៊ុននេះនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យអំណោយផ្ដល់ជូនបងប្អូនទាំង ១៥០គ្រួសារ ដែលកំពុងជួបនូវការលំបាកផ្នែកជីវភាពដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខុស ២យូរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ ១ថង់និងតង់១។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ដែលបានជួយផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងនាពេលនេះ ហើយក្នុងការជួយឧបត្ថម្ភនូវអំណោយនាពេលនេះ គឺជាការចូលរួមចែករំលែកនូវទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងនូវអំណរគុណនិងជូនពរចំពោះក្រុមហ៊ុនលក់ប្រេងឥន្ធនៈ តូតាល់ ជួបតែសំណាងល្អនិងកាន់តែល្បីល្បាញ ក្នុងការដណ្ដើមទីផ្សារ ព្រោះថាប្រេងឥន្ធនៈតូតាល់នេះមានភាពល្បីល្បាញ មានគុណភាពល្អ យូរលង់ណាស់មកហើយ។ ចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តបង្ការការពារជំងឺឆ្លងកូវីដ១៩ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន បន្តអនុវត្តអនាម័យ បរិស្ថានឲ្យល្អស្អាត ដើម្បីសុខភាពយើងទាំងអស់គ្នា ពិសេសអំឡុងទឹកជំនន់នេះ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាក្មេងៗ លេងទឹក ងូតទឹក ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងនោះ៕