ស្លាប់៣នាក់ក្នុងរថយន្តយ៉ាងរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងតូយ៉ូតាព្រុសនិងហ៊ីយ៉ាន់ដាយ

0

កំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ភ្លាមៗក្នុងរថយន្តតូយ៉ូតាព្រុសមួយគ្រឿងយ៉ាងរន្ធត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយខណៈរថយន្តតូយ៉ូតាព្រុសបន្ថែមល្បឿនឡើងជែងរថយន្តមួយទៀតមិនផុត ជ្រុលទៅបុករថយន្តហ៊ីយិនដាយប្រភេទយីឌុបចំពីមុខក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង០០និង១៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៤ខែវិឆ្ឆិកា ឆ្នាំ២០២១នៅលើផ្លូវ ជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយូតាព្រុសពណ៌ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-8411ចេញពី ជើងទៅត្បូងល្បឿនលឿន ស្របពេលនឿរថយន្តហ៊ីយិនដាយ ប្រភេទយីឌុបចេញពីត្បូងទៅជើងលុះដល់កន្លែង កើតហេតុរថយន្តព្រុសឡើងជែងរថយន្តមួយ ផ្សេងទៀតមិនផុតទៅបុករថយន្តហ៊ីយិនដាយចំពីមុខ ពេញទំហឹង ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យស្លាប់មនុស្ស០៣នាក់ ខូច ខាតរថយន្ត ០២គ្រឿង៖ ១-រថយន្តម៉ាកតូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AC-8411 បើកបរដោយឈ្មោះ វ៉ាត សំអេន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់កន្លែងកើតហេតុ និង
អ្នករួមដំណេីរ ឈ្មោះ ម៉ិក វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរឈ្មោះ ស៊ុន អៀម ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិសេរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើយហេតុ។
ដោយឡែករថយន្តម៉ាកហិនដាយ ពណ៌ស ផ្លាកលេខ ក្បាល កំពង់ចាម 3A-2975 ផ្លាកលេខរ៉ឺម៉ក 51R 09444 អ្នកបេីកបរមិនស្គាល់អត្ដសញ្ញាណ រត់គេខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។

ក្រោយកើតហេតុ វត្តុតាងយកមករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីទុកដោះស្រាយទៅតាមនិតិវិធី ចំណែកសាកសពជនរងគ្រោះសាច់ ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕