រដ្ឋបាលខេត្តត្បូងឃ្មុំ និងបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) នាសប្តាហ៍ក្រោយនេះហើយ

0

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនដំណឹងដល់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជន ថា រដ្ឋបាលខេត្ត នឹងបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្ត ក៍បានបញ្ជាក់ប្រាប់ ដល់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ចូលប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋាន គ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានអាស័យដ្ឋាន ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ក្នុងបរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ)។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។
សូមបញ្ជាក់ថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម។ក្នុងនោះផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ ក្នុងការបង្កើតការងារ បង្កើនចំណូលបន្ថែម សម្រាប់ប្រជាជន តាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរកម្ពូជា-វៀតណាមផងដែរ ៕