ឯកឧត្តម យូ ស៊ុនឡុង និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ត្បូងឃ្មុំ ចុះរៀបចំទីតាំងសម្ភោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ

0

កំពង់ចាម​:​ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ ក្រសួងស្ថាប័ន ពាក់ព័ន្អ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះរៀបចំទីកន្លែង សម្រាប់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក្រោមអធិបតីភាព សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។

សូមរំលឹកថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ ចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ។ បន្ទាប់ពីសាង់សង់រួចនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្ន ដើម្បី សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ។

តាមការរំពឹងទុក ស្ពានថ្ម ១កន្លែង នេះ រួមជាមួយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត គ្រោងនឹងប្រារព្ធពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នាពេលឆាប់ៗខាងមុខនេះ ៕