អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកត្រៃ និងបច្ច័យនៃអង្គកឋិនទាន ប្រគេនព្រះសង្ឃ ចំនួន ២វត្ត នៅក្រុងស្ទឹងសែន

0

រដ្ឋបាលខេត្តកំពង់ធំ: ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកត្រៃ និងបច្ច័យនៃអង្គកឋិនទានមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន ២វត្ត ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ និងវត្តទេពនិមិត្ត ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា បុណ្យកឋិនទាន គឺជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ ហើយរយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើត ខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការ ធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ២៩ ថ្ងៃនេះ ពុទ្ធបរិស័ទអាចប្រារព្ធ ពិធីបុណ្យ កឋិនទាន នៅថ្ងៃណាមួយក៏បាន អាស្រ័យទៅលើការរៀបចំរបស់ វត្តអារាមនីមួយៗ ឬក៏អាស្រ័យទៅតាមការស្នើសុំរបស់ម្ចាស់កឋិន ។ បើទោះបីជា វត្តមួយមិនត្រូវបានអនុញ្ញាតឲ្យធ្វើបុណ្យកឋិន លើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានអង្គកឋិនទាន ច្រើនលើសពីមួយបាន តែត្រូវប្រារព្ធឡើងជាមួយគ្នា ក្នុងថ្ងៃតែមួយ ។