អភិបាលខេត្តកំពង់ចាម​ ណែនាំ​ដល់មន្ត្រីពាក់ព័ន្ធឲ្យ​ស្វែងរក​ទីតាំង​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់សួនកម្សាន្ត​តាមដងទន្លេមេគង្គក្នុងក្រុងកំពង់ចាម​

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​ស្វែងរក​ទីតាំង​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ក្នុង​ក្រុងកំពង់ចាម​ ​ជៀសវាង​ការ​បន្ទោរបង់​ពាសវាលពាសកាល​ និង​ដេីម្បី​លេីក​កម្ពស់​សុខុមាលភាព​ក្រុង​ និង​លេីក​កម្ពស់​សុខុមាលភាព​​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣០​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ២​០២១​ ។

 ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត បានដាក់​ចេញ​ជា​ផែនការ​ ដេីម្បី​​គិតគូរដល់ការ​លេីក​កម្ពស់​សោភ័ណភាព​ក្រុងកំពង់ចាម​ និង​ការ​លេីក​កម្ពស់​សុខុមាលភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​បងប្អូន​​ប្រជាពលរដ្ឋ​ មកដេីរលេងកម្សាន្ត​ ឬ​ធ្វើ​ការ​ហាត់ប្រាណ​ផងនោះ​ ដូច្នេះ​យើង​ត្រូវ​សិក្សា​ស្វែងរក​ទីតាំងណាមួយ​ឲ្យ​បាន​សមរម្យ​ ដេីម្បី​សាងសង់​បន្ទប់ទឹក​ បង្គន់​អនាម័យ​សាធារណៈ​ នៅ​តំបន់​សួន​កម្សាន្ត​តាម​ដងទន្លេមេគង្គ​ ក្នុង​ក្រុងកំពង់ចាម​ ។ ​

ក្នុង​កិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ តុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ។

៤-បញ្ហាផ្សេងៗ ៕