ក្រសួងអប់រំបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សាដើម្បីលើកកម្ពស់ការអប់រំកុមារនៅកម្ពុជា

0

ខេត្តកំពត៖ ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឱ្យពួកគេមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។

នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅទាំង១១ទីតាំង ជូនដល់គណៈគ្រប់គ្រងសាលានៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពតនាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា អគារសិក្សាថ្មីៗទាំងនេះ ត្រូវបានប្រសូត្រចេញពីការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូណេស្កូ ដែលអនុវត្តលើគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) លើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យខេត្តទាំង១១ទីតាំង (PTTCs) ដោយយល់ឃើញថា ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។

ដើម្បីចូលរួមកសាងសមត្ថភាពគ្រូបង្រៀនបឋមសិក្សានិងបុគ្គលិកអប់រំ ឲ្យកាន់តែមានសមត្ថភាពប្រសើរឡើងនោះ អង្គការយូណេស្កូ បានប្រគល់ កុំព្យូទ័របន្ទះ (Tablets) ចំនួន ១៧៦ គ្រឿង ដល់នាយកដ្ឋានបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍលើជំនាញឌីជីថលបន្ថែមទៀត។

ឯឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍វាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែងកន្លងមកនេះ។ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាការបង្កើតបន្ទប់កុំព្យូទ័រ នឹងជួយបង្កើតការគាំទ្របន្ថែមដល់គ្រូឧទ្ទេស និងគរុសិស្សទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោក Sarlar Umar Alam ដែលតែងតែជួយឧបត្ថមគាំទ្រដល់វិស័យអប់រំ ក៏ដូចជារដ្ឋាភិបាលកម្ពុជាផងដែរ៕ សេង ណារិទ្ធ