អាជ្ញាធរខេត្តកំពង់ចាម​ ចូលរួមកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធវិធានការទប់ស្កាត់​ និងបង្ក្រាបការកាប់ព្រៃលិចទឹក ទន្រ្ទានដីបឹងទន្លេសាប​ ​

0

កំពង់ចាម​:​ ដោយអនុវត្តតាម​បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស តាមរយៈប្រព័ន្ធវីដេអូConference ស្តីពីវិធានការទប់ស្កាត់​ និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប​ មកធ្វើជាកម្មសិទ្ធិ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

គួរ​បញ្ជាក់​ថា​ កិច្ចប្រជុំជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់​ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង​អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅ​តំបន់​បឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង​ ក្នុងនោះ​ក៏មាន​ខេត្តមួយចំនួនទៀតនៅជុំវិញបឹងទន្លេសាប ដែលមាន​ដូចជា​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ខេត្តកណ្តាល និងខេត្តកំពង់ចាម ផងដែរ​ ៕