ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រកឃើញករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ ៤០ករណី លើផ្ទៃដីជាង ៣ពាន់ហិកតា នៅខេត្តកំពង់ធំ

កំពង់ធំ:នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មួយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា។

 

របាយការណ៍ឲ្យដឹងថា ក្នុងចំណោម ៤០ករណី លើផ្ទៃដីជាង ៣ពាន់ហិកតានោះ រួមមាន៖ ឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ, ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៏ និងឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។

 

ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ ។

 

សូមបញ្ជាក់ដែរថា ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕