រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងនាំយកវ៉ាក់សាំងស៊ីណូហ្វាក់ ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង ២គ្រឿង ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកស្អែកនេះ

0

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នាំយកវ៉ាក់សាំងស៊ីណូហ្វាក់៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំង ២គ្រឿង ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០២១ ស្អែកនេះ នៅច្រកទ្វារអន្តរជាតិ (ត្រពាំងក្រៀលកម្ពុជា-ណងណុកខៀនឡាវ) ទៅតាមការគ្រោងទុក និងប្រសិនបើគ្មានការប្រែប្រួលទេនោះ។

នៅក្នុងពិធីប្រគល់វ៉ាក់សាំង៥០ម៉ឺនដូស និងរថយន្ត ២គ្រឿងនៅថ្ងៃស្អែកនោះផងទៀត ភាគីឡាវ ដឹកនាំដោយ លោក គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី និងជាតំណាងឱ្យរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

​          គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ លោក នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន ៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន ២គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវទឹកប្រាក់ ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត ជាថវិការបស់សប្បុរសជន ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

សូមជម្រាបថា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួចមកហើយដែរ  ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងគោលបំណង រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រោះត្បិតប្រទេសឡាវ គឺជាប្រទេសដែលមានភូមិផងរបងជាមួយ និងជាមិត្តរបស់កម្ពុជា ។

នៅក្នុងពិធីប្រគល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាគ្រានោះ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង កម្ពុជា និងច្រកទ្វារព្រំដែនណងណុកខៀន ខេត្តចំប៉ាសាក់ឡាវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ដែលពិធីនេះ បានធ្វើឡើងក្រោមវត្តមាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូរិទ្ធ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

រីឯភាគីឡាវ ដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ប៊ុនហ្វេន ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) ,អនុរដ្ឋមន្រ្តី និងជាអនុប្រធានខុទ្ទកាល័យ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី ធិបផាកន ច័ន្ទថាក់វង្សា បានអញ្ជើញមកទទួលយកជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ពីកម្ពុជា ៕ ដោយ៖ឡុង សំបូរ