ព្រះសង្ឃនិងពលរដ្ឋក្រុងបាវិតខេត្តស្វាយរៀងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ឬដូសជម្រុញ

ខេត្តស្វាយរៀង៖ព្រះសង្ឃនិងពលរដ្ឋក្រុងបាវិតខេត្តស្វាយរៀងបន្តចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញបន្ទាប់ពីពួកគាត់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងសង្កាត់ទាំង៥របស់ក្រុងជាង៤ម៉ឺននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ហើយនៅដូសទី១ និងដូសទី២ ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬ ដូសជំរុញ ត្រូវបានក្រុមគ្រូពេទ្យកងទ័ពជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទ ចាក់ប្រគេន ជូនដល់ព្រះសង្ឃ និងពលរដ្ឋនៅក្រុងបាវិត ខេត្តស្វាយរៀងថ្ងៃទី៣  ខែធ្នូ ឆ្នាំ២០២១នេះតទៅ បន្ទាប់ពីពលរដ្ឋទាំងនោះបានចាក់វ៉ាក់សាំង រួចរាល់ហើយ នូវដូសទី១ និងដូសទី២។

លោកសាញ់ សុខុនចៅសង្កាត់បាវិត ក្នុងពេលនាំភេសជ្ជៈជូនក្រុមគ្រូពេទ្យក្នុងកងយោធពលខេមរៈភូមិន្ទដែលបំពេញភារកិច្ចចាក់វ៉ាក់សាំងប្រគេនព្រះសង្ឃ និងជូនដល់ពលរដ្ឋនៅក្នុងវត្តពោធិ៍ធំ ហៅវត្តបាវិត ក្រុងបាវិត ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ជួសមុខឲ្យពលរដ្ឋក្រុងបាវិតសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានបញ្ជាក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងប្រគេនដល់ព្រះសង្ឃនិងចាក់ជូនពលរដ្ឋនៅពេលនេះ ដែលជាកាយវិការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់លើសុខមាលភាពរបស់ពលរដ្ឋនិងព្រះសង្ឃពីរាជរដ្ឋាភិបាល។

លោកចៅសង្កាត់បាវិតនូវបាអំពាវនាវដល់ពលរដ្ឋនៅក្នុងក្រុង ពិសេសនៅក្នុងសង្កាត់បាវិតទាំងមូលសូមបងប្អូនប្រញាប់រួសរាន់មកចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ១៩ ខណៈដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក្រុមគ្រូពេទ្យមកចាក់វ៉ាក់សាំងការពារជំងឺប្រគេនដល់ព្រះសង្ឃនិងពលរដ្ឋក្នុងក្រុង ចាប់ពីថ្ងៃនេះតទៅ។​

ជុំវិញការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញព្រះតេជគុណ សេក ផានិត  លោកស្រីចាន់ស្រីពៅនិងលោកក្រូច លូ បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្ដេចបានយកចិត្តទុកដាក់លើសុខមាភាពរបស់ព្រះសង្ឃនិងពលរដ្ឋតាមរយៈបញ្ចុះក្រុមគ្រូពេទ្យឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅពេលនេះ ក្នុងនាមអាត្មាភាពនិងក្នុងនាមពលរដ្ឋនៅទូទាំងក្រុងបាវិត សូមគោរពជូនពរសម្ដេចសូមសម្ដេចមានសុខភាពកម្លាំងពលំមាំមួនដើម្បីបន្តជាម្លប់បន្តដឹកនាំពួកយើងខ្ញុំឆ្ពោះទៅត្រើយសុភមង្គលនាថ្ងៃអនាគត។

លោកស្រី ជួន សុវណ្ណរី នាយករងរដ្ឋបាលក្រុងបាវិត បានបញ្ជាក់ឲ្យដឹងបានថាក្រុងបាវិត ជាក្រុងមួយរបស់ខេត្តស្វាយរៀងក្រុងមានសង្កាត់ចំនួន   រហូតមកដល់បច្ចុប្បន្ននេះពលរដ្ឋព្រះសង្ឃនិងកុមារអាយុ ៥ឆ្នាំ ៦ឆ្នាំ កុមារអាយុក្រោម ១២ឆ្នាំ អាយុក្រោម១៨ ឆ្នាំនិងអាយុ១៨ ឆ្នាំឡើងទៅនៅក្នុងភូមិចំនួន៣៥ភូមិបានមកចាក់វ៉ាក់សាំងរួចរាល់ហើយនៅដូសទី១និងដូសទី២មានចំនួនជាង៤ម៉ឺននាក់ បច្ចុប្បន្នក្រុង បានរៀបចំពលរដ្ឋអោយមកចាក់វ៉ាក់សាំងដូសទី៣ ដូសជម្រុញចំនួនជាង ៤ ម៉ឺននាក់ ៕គឹមសេង