ថ្នាំញៀន ១៩៣ kg ត្រូវបានគេរកឃើញនៅក្នុងបាវហ្សាក់ ប្រដាល់ ប្រុងបញ្ជូនទៅ អូស្ត្រាលី

ឧបករណ៍កីឡាប្រដាល់ មួយចំនួន ដែលរៀបចំដាក់ក្នុងកុងតឺន័រតៀមបញ្ជូនចេញទៅប្រទេសអូស្ត្រាលី ត្រូវបានកម្លាំងអង្គភាពគយ និងកម្លាំងបង្ក្រាបថ្នាំញៀនថៃ ចាប់បាន បន្ទាប់ពីមានការសង្ស័យទៅលើបាវហ្សាក់ ប្រដាល់ដែលមានលក្ខណ:ខុសប្រក្រតី។

ការចាប់គ្រឿងញៀនដែលត្រៀមធ្វើចរាចរណ៍ ឆ្លងដែន ទៅក្រៅប្រទេសនេះ គឺប្រតិបត្តិការដោយកម្លាំងអង្គភាពគយ និងកម្លាំងប៉ូលិសបង្ក្រាបគ្រឿងញៀនថៃ ដែលបានធ្វើឡើង នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចកំពង់ផែ ទីក្រុងបាងកក ប្រទេសថៃ។

មន្ត្រីគយប្រចាំកំពង់ផែបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅមុនការបង្ក្រាប គឺមានសម្ភារ:កីឡាប្រដាល់មួយចំនួនដែលគេត្រៀមរៀបបញ្ចូលទៅក្នុងកុងតឺន័រ នៅពេលដែលកម្លាំងជំនាញត្រួតពិនិត្យ ទៅលើឧបករណ៍បាវហ្សាក់ សម្រាប់ហាត់ដាល់ គឺមានលក្ខណ:ខុសប្រក្រតី ម៉្យាងទៀតតាមការសិក្សាគឺប្រទេសអូស្ត្រាលី មិនដែលត្រូវការបាវហ្សាក់បញ្ឈរផ្ទាល់ដីបែបនេះនោះឡើយ។

មន្ត្រីដដែលបានបន្តថា ក្រោយពីមានការសង្ស័យបែបនេះ លោកក៏បានសុំកម្លាំងចម្រុះដើម្បីសហការពិសេសគឺកម្លាំងបង្ក្រាបគ្រឿងញៀន ដើម្បី ហែក បាវហ្សាក់នោះពិនិត្យនៅខាងក្នុងរួមគ្នា។

ជាលទ្ធផល គឺសមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក សរុបទម្ងន់ ១៩៣ គីឡូក្រាម ដែលជនទុច្ចរិតរកសុីបទល្មើសឆ្លងដែន លាក់នៅក្នុងបាវហ្សាក់ សម្រាប់ហាត់ដាល់ និងបម្រុងដឹកចេញទៅប្រទេសអូស្ត្រាលី និងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២ នាក់ ផងដែរ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ៕ អត្ថបទ : ព្រាប.ស