កសិករនៅខេត្តកែប ខិតខំដាំដំឡូងជ្វាចាប់ពីរដូវវស្សាដល់រដូវប្រាំង ខណៈដំឡូងមួយប្រភេទនេះមានតម្លៃខ្ពស់គួរសម

ខេត្តកែប ៖ ដំឡូងជ្វាជាដំណាំមួយប្រភេទងាយស្រួលដាំ និងឆាប់បានប្រមូលផល ហើយដំឡូងនេះ ភាគច្រើន ត្រូវបានគេដាំនៅចំណុចដីទួលឬដីស្រែពុំសូវមានទឹកជោកជាំ ដោយគ្រាន់តែកាត់ទងដំឡូងយកទៅកប់នឹងដី និងប្រើជីធម្មជាតិជំនួយខ្លះៗប៉ុណ្ណោះ។

យ៉ាងណាមិញ បើក្រលេកមើលផលដំឡូងជ្វាដែលកសិកររស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ឯណេះវិញហាក់ទទួលបានភោគផលគួរជាទីពេញចិត្ត ស្របពេលដែលហាងឆេងដំឡូងកំពុងមានតម្លៃខ្ពស់គ្រាន់បើនោះ។

បានជួបជាមួយអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកប្រមូលផលដំឡូងជ្វាក្នុងភូមិខាងលើ បាននិយាយប្រាប់ទាំងទឹកមុខស្រស់ស្រាយថា ពេលនេះកសិករជាច្រើនក្រៅពីដាំដំណាំរួមផ្សំផ្សេងៗ ពួកគាត់ មិនដែលបោះបង់នូវការដាំដុះដំឡូងជ្វា(ប្រភេទដំឡូងកសិកម្ម)នេះឡើយ ព្រោះដំឡូងប្រភេទនេះ មានដើម(ទង)តូចៗ តែមើមធំៗ ថែមទាំងមានមើមច្រើន ហើយសាច់ដំឡូងមានរសជាតិផ្អែមឆ្ងាញ់ណាស់។

គាត់បានបន្តថា ឥឡូវនេះហាងឆេងដំឡូងជ្វាមានតម្លៃថ្លៃជាងពេលមុន ដោយឈ្មួញមកប្រមូលទិញដល់ទីកន្លែង ក្នុងមួយគីឡូក្រាមចាប់ពី១៥០០៛ ទៅ២០០០៛ តាមប្រភេទដំឡូងធំឬតូច ប៉ុន្តែពេលខ្លះដំឡូងជ្វា ក៏អាចឡើងថ្លៃ រហូតដល់២៥០០៛ ម្តងម្កាលដែរ។កសិករបានបន្តទៀតថា ការប្រមូលផលដំឡូងជ្វានៅគ្រប់រដូវនេះ គឺយើងត្រូវបេះយកដំឡូងទៅតាមប្រភេទរបស់វាដាក់ច្រកក្នុងថង់ប្លាស្ទិក ដោយជ្រើសរើសធំនិងតូច ដាក់ច្រកថង់ផ្សេងគ្នាហើយថ្លឹងទុកមួយអន្លើ ដើម្បីទុកលក់ឱ្យឈ្មួញ ឬលក់ជូនអ្នកដំណើរ ដែលពួកគាត់ជិះរថយន្តមកលំហែ កម្សាន្តនៅតាមតំបន់ទេសចរណ៍នានា។

បច្ចុប្បន្ននេះដោយសារតែដំណាំកសិផលក្នុងស្រុកមានហាងឆេងខ្ពស់គួរសម ធ្វើឱ្យប្រជាកសិករនៅតាមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តកែប បាននិងកំពុងមមាញឹកបង្កបង្កើនផង ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំគ្រប់ប្រភេទ ដើម្បីប្រមូលភោគផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ដែលបានធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែធូរធា រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ ក៏មានការថមថយផងនោះ ពួកគាត់កាន់តែរស់ នៅដោយសុខដុមរមនា៕ សេង ណារិទ្ធ