បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡានិងរីស៊តនៅខេត្តកំពត ត្រូវបានកក់បន្ទប់ពេញអស់មុនផ្ទះសំណាក់និងសណ្ឋាគារ

ខេត្តកំពត ៖ ខណៈដែលបុណ្យចូលឆ្នាំសកល កាន់តែខិតជិតមកដល់ សេវាស្នាក់នៅក្នុងខេត្តកំពត ត្រូវបានភ្ញៀវទេសចរកក់ទុកស្ទើរពេញអស់ទៅហើយនៅចុងខែធ្នូឆ្នាំ២០២១នេះ។ បើតាមមន្ត្រីជំនាញថា នៅក្នុងការរស់នៅតាមបែបគន្លងថ្មីជាធម្មតាក្នុងសម័យកាលកូវីដ១៩នេះ សេវាស្នាក់នៅដូចជាបឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡានិងរីស៊តនៅតាមមាត់ព្រែក និងឆ្នេរសមុទ្រ ដែលមានបន្ទប់នៅដាច់ៗពីគ្នា គ្នាត្រូវបានកក់ពេញអស់ មុនសណ្ឋាគារ ឬផ្ទះសំណាក់នៅក្នុងក្រុង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅ ខេត្តកំពតត្រូវបានភ្ញៀវទេសចរកក់ស្ទើរពេញអស់ទៅហើយ សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ដែលនឹងខិតមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានបន្តថា បើភ្ញៀវ ទេសចរចង់ស្វែងរកកន្លែងស្នាក់នៅ អាចរកបាននៅតាមផ្ទះសំណាក់នៅក្នុងក្រុង និងជាយៗ ក្រុងកំពតតែប៉ុណ្ណោះ ព្រោះសម្រាប់បុណ្យចូលឆ្នាំសកល ២០២២ខាងមុខនេះ ភ្ញៀវទេសចរ បានផ្លាស់ប្តូរទម្លាប់ពីការកក់បន្ទប់គេងនៅផ្ទះសំណាក់ក្នុងក្រុង ទៅកក់បន្ទប់គេងនៅតាមបឹងហ្គាឡូ ផ្ទះលំហែរ ផ្ទះវីឡា ឬរីស៊តនានានៅតាមតំបន់ដងព្រែក ឬឆ្នេរសមុទ្រ ដែលមានបន្ទប់ដាច់ៗពីគ្នា បើទោះជាកន្លែងទាំងនោះថ្លៃជាងផ្ទះសំណាក់ក៏ដោយ។

លោកប្រធានមន្ទីរបានបន្តថា ដោយឡែកសម្រាប់នៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត ក៏បានត្រៀមលក្ខណៈរួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយមន្ត្រីជំនាញរបស់មន្ទីរតែងតែងចុះទៅណែនាំអប់រំបន្ថែមជាញឹកញាប់អំពីការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ សេស. អូ .ភី (SOP)ហើយកន្លងមកឃើញថាការអនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយកើតឡើងនោះទេចំណែកទេសចរក៏មានការចូលរួមអនុវត្តវិធានការពារខ្លួនបានល្អដែរ។

លោកបានបញ្ជាក់ផងដែរថាតំបន់ទេសចរណ៍នៅខេត្តកំពតមានការអភិវឌ្ឍន៍ទៅមុខជាដ៏រាប ពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅមានលក្ខណៈសំបូរបែប និងប្រកួតប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អបែបអេកូទេសចរណ៍ជាដើម ដែលភ្ញៀវអាចសម្រាកនិងកម្សាន្តបានតែម្តង។

ចំណែកម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថាសម្រាប់ពិធីបុណ្យឆ្លងឆ្នាំ២០២១ ចូល២០២២ ខាងមុននេះ ភ្ញៀវបានកក់កន្លែងស្នាក់ពេញអស់ហើយ ចំណែកខ្ចុះអង្គុយលេងក៏មានការកក់ទុកផងដែរ ព្រោះកន្លែងលោកនឹងមានការរៀបចំកម្មវិធី ជាច្រើនដូចជាការប្រគំតន្ត្រីរាំលេងកម្សាន្ត ការចាប់កាដូយករង្វាន់ និងការបាញ់កាំជ្រូចជាដើម។ ដោយឡែក អ្នកគ្រប់គ្រង់ទូទាំងរបស់ ហ្គុដថាមរីឡែករីស៊ត (Good Time Relax Resort) លោក សីដ្ឋា បានប្រាប់ឲ្យដឹងដែរថា កន្លែងលោក ភ្ញៀវបានកក់បន្ទប់ពេញអស់ផងដែរ ជាពិសេសបន្ទប់គេងលក្ខណៈគ្រួសារធំៗ គ្រែ៦ និងគ្រែ៨។

សូមបញ្ជាក់ផងដែរថា រីស៊តដែលសង់សម្រាប់បម្រើសេវាភ្ញៀវ មានចំនួន៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត រីស៊តនេះត្រូវបានសង់ឡើងនៅតាមតាមដងព្រែក និងតាមឆ្នេរសមុទ្រដែលមានបរិយាកាសល្អ សម្បូរដោយខ្យល់ជំនោរដ៏ត្រជាក់ បរិសុទ្ធ មានទេសភាពស្រស់បំព្រង ថែមទាំងមានសេវាកម្មល្អ រហ័សទាន់ចិត្ត តែសេវាស្នាក់នៅក្នុងរីស៊ត មានតម្លៃខ្ពស់ជាងផ្ទះសំណាក់ឬសណ្ឋាគារ ព្រោះតែរីស៊ត ត្រូវបានសង់ជាកន្លែងស្នាក់នៅដាច់ៗពីគ្នា ដោយក្នុង១បន្ទប់អាចមានតម្លៃចាប់ពី៤៥ដុល្លារ រហូតដល់៣០០ដុល្លារ(តម្លៃតម្រូវការរបស់ភ្ញៀវ និងអតិថិជន)៕ សេង ណារិទ្ធ