​ស្លាប់​12​នាក់​ក្នុងការ​វាយប្រហារ​លើ​វិមាន​ប្រធានាធិបតី​សូ​ម៉ាលី​

0

មន្ត្រី​សូ​ម៉ាលី​មួយរូប​ប្រកាសថា មនុស្ស​១២​នាក់​បាន​ត្រូវស្លាប់​កាលពី​ចុង​សប្តាហ៍ កន្លងមកនេះ ក្នុងការ​វាយប្រហារ​មួយ​របស់​ពួក SHEBAB ប្រឆាំង​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ ។​ ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​លោក​អាប់​ដែល​ការី​ម ហ៊ូ​សេន​ហ្គូ​ឡេ​ដ គូសបញ្ជាក់ថា ជន​វាយប្រហារ​៩​នាក់ ក្នុងនោះ​មាន​ជន​អត្តឃាត​២​នាក់​បាន​ត្រូវស្លាប់​ពេល​ពួកគេ​ប៉ុនប៉ង​លុក ចូលក្នុង​វិមាន​ប្រធានាធិបតី ។

ខាង​ផ្នែក​រដ្ឋាភិបាល​វិញ​មាន​អ្នកស្លាប់​៣​នាក់ ក្នុងនោះ​មាន​មន្ត្រី​២​នាក់ និង​ទាហាន​ម្នាក់ ។ រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះ​នៅមុខ​ទ្វារ​ចូល​វិមាន​ប្រ​ធានា ធិបតី មុនពេល​ពួក SHEBAB ប៉ុនប៉ង​លុក​ចូលក្នុង​វិមាន ។ យោងតាម​រដ្ឋមន្ត្រី​រូបនេះ​ថា កងទ័ព​សូ​ម៉ាលី និង​កង​ទាហាន​មួក​ខៀវ​អាហ្វ្រិក​បាន​វាយ​រុញច្រាន​ការវាយលុក​នោះ ។

អ្នកទទួលខុសត្រូវ​សូ​ម៉ាលី​២​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ​មាន លេខាធិការ​មួយរូប​របស់​នាយករ​ដ្ឋ​មន្ត្រី និង​អតីតមន្ត្រី​ស៊ើបការណ៍​ម្នាក់ ។​ ​ប្រធានាធិបតី​សូ​ម៉ាលី​លោក​ហ៊ូ​សាន់​ស៊ិ​ក​ម៉ូ​ហា​មូ​ដ បាន​ថ្កោលទោស​ការវាយប្រហារ​នេះ​ដោយ​ចាត់ទុកថា​ជា​អំពើ​ភេរវកម្ម ។​ ​ចំណែក បេសកជន​ពិសេស​អ​.​ស​.​ប ប្រចាំ​ប្រទេស​សូ​ម៉ាលី លោក NICHOLAS KAY ក៏​បរិហារ​ការវាយប្រហារ​នេះ​ប្រឆាំង​វិមាន​ប្រធានាធិបតី​ដែរ ដោយ​លោក​ចាត់ទុកថា​ជា​អំពើ​ឧក្រិដ្ឋ​ដោយ​អស់សង្ឃឹម​ថ្មី​មួយ ។

លោក​គូសបញ្ជាក់ថា អ​.​ស​.​ប និង​សហគមន៍​អន្តរជាតិ​នៅតែ​ប្តេជ្ញា​ចង់ឃើញ​ប្រទេស​សូ​ម៉ាលី​ថ្មី​មួយ ហើយនឹង​បន្ត​ជួយ​សូ​ម៉ាលី​ក្នុងការ​ធ្វើឱ្យ​សភាពការណ៍​មាន​ស្ថេរភាព ហើយ​កសាង​ឡើងវិញ​បណ្តា​ស្ថាប័ន​របស់ខ្លួន ៕1 4 5 6