លោក សាក់ សារ៉ាន់ ចុះបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែនៅភូមិមានជ័យ

ខេត្តឧត្តរមានជ័យ: នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោក សាក់ សារ៉ាន់ មន្ត្រីអនុវត្តគម្រោងឈេន បានចុះបណ្ដុះបណ្ដាលស្ដីពីការដាំដុះដំណាំតាមបច្ចេកទេស នៅភូមិមានជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួម ១០នាក់ ស្រី ០៧នាក់ ។ សកម្មភាពមានបង្ហាញអំពីការជ្រើសរើសទីតាំង និងការរៀបចំដី បង្ហាញអំពីការរៀបចំដីបណ្ដុះកូន របៀបលើករង ការគ្របរង និងការរាយទុយោដំណក់ទឹក វិធីសាស្រ្តក្នុងការដាំដុះ ការដាំដំណាំការពារ ការជីកប្រឡាយរំដោះទឹក ការប្រើប្រាស់សារធាតុចិញ្ចឹម (N P K និងសារធាតុបន្ទាប់បន្សំ Ca Mg S) ការសម្អាតចម្ការក្រោយពេលប្រមូលផល និងការដាំដំណាំឆ្លាស់ ។ ជាលទ្ធផល កសិករបានយល់បន្ថែមទៀត អំពីការរៀបចំដី ការលាយដីបណ្ដុះកូន របៀបលើករង វិធីសាស្រ្តក្នុងការដាំដុះ ការប្រើប្រាស់សារធាតុចិញ្ចឹម និងការសម្អាតចម្ការក្រោយពេលប្រមូលផល និងបានចុះតាមដានកសិករធ្វើចម្ការបង្ហាញ (Demo) លើដំណាំត្រសក់ដោយបានណែនាំអំពីការសម្អាតស្មៅ និងការតាក់តែងមែកដើម្បីឱ្យមានខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់៕ដោយ:ចាន់ ធី