ផ្លូវប្រវែងជាង៤គីឡូម៉ែត្រ នៅក្នុងស្រុកសង្កែ ចាប់ផ្តើមក្រាលកៅស៊ូ ដើម្បីសម្រួលជូនពលរដ្ឋ

0

ខេត្តបាត់ដំបង: ផ្លូវដីប្រវែង ៤.៦០០ ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមដំណើរការក្រាលកៅស៊ូហើយ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

នៅរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលមានលោក អ៊ុត ក្លឹង ប្រធានអង្គភាព រដ្ឋាករទឹកខេត្ត លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យមើលដំណើរការជួសជុលផ្លូវក្រាលកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ដែលមានប្រវែង ៤.៦០០ម៉ែត្រ និងទទឹង៧ម៉ែត្រ ជាប្រភេទ DBST ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផលរបស់ខ្លួន និងកាត់បន្ថយរយៈពេលធ្វើដំណើរឲ្យកាន់តែខ្លី និងសុវត្ថិភាពជាងមុន ។

គួរបញ្ជាក់ថា កន្លងមកផ្លូវនេះគឺជាប្រភេទផ្លូវដី ដូច្នេះហើយ ទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋគឺមានការយឺតយ៉ាវ ដោយសារហើយ និងតែងតែជួបនិងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ។ ដោយសង្គេតឃើញបែបនេះ ទើបរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបានមូលមតិ ដើម្បីចាប់ផ្តើមដំណើរការ ក្នុងការក្រាលកៅស៊ូជូនប្រជាពលរដ្ឋ ដើម្បីបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងដើម្បីងាយស្រួលសម្រាប់ដឹកកសិផលមកកាន់ក្រិងបាត់ដំបងផងដែរ៕ អត្ថបទ : ព្រាប.ស