កងទ័ពអាវសសំដៅសមរភូមិចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ដូសទី៣ជូនប្រជាជនក្នុងខេត្តសៀមរាប

0

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅសៀមរាប ក្នុងស្រុកប្រាសាទបាគង គឺឃុំចំនួន៣ គឺឃុំមានជ័យ ឃុំត្រពាំងធំ និង ឃុំកំពង់ភ្លុក បានទទួលការចាក់វ៉ាក់សាំងប្រឆាំមេរោគកូវីដ១៩ ដូសទី៣ជាដូសជំរុញ ពីកងទ័ពអាវស នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយអនុវត្តន៍ តាមបទបញ្ជាឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ រងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃអាទិត្យទី០៩ ខែមករា ឆ្នាំ២០២២។

មុនពេលកងទ័ពអាវស ចេញដំណើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលផ្តាំផ្ញើរ ក្រុមគ្រូពេទ្យ និង ក្រុមការងារចាក់វ៉ាក់សាំង ត្រូវចេញដំណើរទៅកាន់សមរភូមិប្រយុទ្ធ ប្រឆាំងមេរោគកូវីដ -១៩ និងបានសំណូមពរ ដល់ក្រុមការងារទាំងអស់ សហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងការបំពេញបេសកកម្មក្នុងសមរភូមិ ប្រុងប្រយ័ត្នការពារខ្លួន កុំឲ្យមានការឆ្លង ជំងឺកូវីដ -១៩ ពិសេសមេរោគបំប្លែងថ្មី អូមេក្រុងចូលក្នុងខ្លួន អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តន៍វិធានការ៣ការពារ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់បរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩ និង គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ សម្រាប់ដោះស្រាយជីវភាពហូបចុកប្រចាំថ្ងៃ ចាត់ តាំងក្រុមគ្រូពេទ្យ យកសំណាកធ្វើតេស្ដរហ័ស រកអង់ទីហ្សែនកូវីដ -១៩ ជូនក្រុមការងារនិងក្រុមគ្រូពេទ្យទាំង អស់ដែលត្រូវចេញបេសកកម្ម ដោយលទ្ធផលនៃការធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ -១៩ គឺ អវិជ្ជមានទាំងអស់គ្នានៅមុនពេលចេញដំណើរ ផងដែរ ។
ដោយ ប៊ុន រដ្ឋា