អគ្គិភ័យលេបត្របាក់ការិយាល័យព្រៃព្រះរការឆែបមួយខ្នងខ្ទេច បន្សល់ទុកតែផេះ ដោយសារផ្ទុះធុងហ្គាស !

0

ខេត្តព្រះវិហារ៖ ការិយាល័យព្រៃព្រះរការមួយខ្នងទំហំ៦×៤៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចអស់ទាំងស្រុង ព្រមជាមួយនឹង សម្ភារៈមួយចំនួនធំ ។
ករណីនេះបានកើតឡើងនៅចន្លោះម៉ោង ០៤ៈ០០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងជើងអាគារ៤ជាន់ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ ៥៧៤ ស្ថិតនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
បើតាមរបាយការណ៍សួរបំភ្លឺរបស់សមត្ថកិច្ច បងស្រីឈ្មោះ សុខ ផល ភេទស្រី អាយុ ៥៣ឆ្នាំ ដែលដេកនៅប្រចាំនិងផ្ទះ ឆ្លើយថា ផ្ទះនេះគាត់ដេកម្នាក់ឯង ព្រោះកម្លាំងដែលប្រចាំការបានចេញទៅព្រៃអស់។ បងស្រីបន្តថាករណីភ្លើងឆេះដោយសារផ្ទុះធុងហ្គាស ចំនួន ០២លើក នៅចន្លោះម៉ោង ៤ៈ០០នាទីព្រឹក ធ្វើឲ្យគាត់ភ្ញាក់ ទើបចេញមកក្រៅបន្ទប់ ក៏ឃើញភ្លើងឆេះសន្ធោសន្ធៅបាត់ទៅហើយ ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ផងដែរថា ចំពោះសម្ភារៈខូចខាតរួមមាន៖ ១_ការិយាល័យមួយខ្នង មានទំហំ ៦ × ៤៥ ម៉ែត្រ ដំបូលប្រក់សង្ក័សី ឆេះអស់ទាំងស្រុង, ២_រថយន្តសាំយ៉ុង ០១គ្រឿង, ៣_រថយន្តឡង់គ្រីស័រ ០១គ្រឿង, ៤_កំព្យូទ័រ ២ គ្រឿង, ម៉ាស៊ីនព្រីន ០១គ្រឿង, ឯកសារ ០២ ដែនព្រៃព្រះរការ និងឆែប,.៥_គ្រាប់កាំភ្លើង ២០០គ្រាប់, ៦_ម៉ាស៊ីនត្រង់សុីន័រ ១៥គ្រឿង, ៧_សាឡុង ០១ឈុត, ៨_គ្រែដេកចំនួន ០៨គ្រែ, ៩_តុងឿ ០៣ឈុត, ១០_ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដាឌ្រីម ០២០ និងម៉ាកហុងដាវេវ ០១គ្រឿង៕ សែមឡំ