អភិបាលខេត្តរនគិរី ជំរុញអោយក្រុមការងារបច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកចំនួន៣ សហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនឱ្យបានឆាប់រហ័សប្លង់គោលស្រុករបស់ខ្លួន

ខេត្តរតនគិរី ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត ដើម្បីពិនិត្យសេចក្ដីព្រាងឯកសារប្លង់គោល ប្រើប្រាស់ដី ស្រុកតាវែង អណ្ដូងមាស និងស្រុកអូរយ៉ាដាវដែលបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានជំរុញអោយក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកទាំង៣ សហការជាមួយអ្នកពាក់ព័ន្ធពន្លឿនឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋាន ដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក និងខេត្តដើម្បីបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងស្រុកនីមួយៗ ត្រូវអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោលការប្រើប្រាស់ដីធ្លីក្នុងស្រុកទាំង៣ ជាផ្លូវការ។

ឯកឧត្តម ញ៉ែម សំអឿន បានជំរុញផងដែរដល់ស្រុកទាំង៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍស្រុកអោយបានច្បាស់លាស់ ដែលក្នុងនោះរួមមានការអភិរក្សវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងត្រូវថែរក្សាការពារអោយបាននូវសម្បត្តិធម្មជាតិ អោយបានគង់វង្ស រួមមានរមណីយដ្ឋានធម្មជាតិនានា ក៏ដូចជាត្រូវរក្សាអោយបាននូវផ្លូវ ប្រវត្តិសាស្រ្ដ និងធនធានដែលនៅសល់ពីសម័យតស៊ូ ដែលឥស្សរជនខ្មែរពីមុនមកប្រើក្នុងសម័យសង្រ្គាមអោយបានល្អ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍មួយ ដ៏ទាក់ទាញទៅថ្ងៃខាងមុខ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ដ ខេត្តយើងបានកាន់តែច្រើន។ បន្ថែមពីនោះត្រូវកំណត់យុទ្ធសាស្រ្ដអភិវឌ្ឍរៀបចំដែនដី តម្រង់ទិសការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងការកែច្នៃ គ្រប់គ្រងការពារ ប្រើប្រាស់អភិវឌ្ឍដី និងធនធានធម្មជាតិ៕ដោយ គតិ យុត្ត