រត់ម៉ារ៉ាតុង ដើម្បីកៀងគររកថវិកា ជួយដល់កុមារកំព្រាក្នុងខេត្ត

ខេត្តបាត់ដំបង ៖ ថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកូកប្រកាស ស្វែងរកអ្នកស្ម័គ្រចិត្តចូលរួមរត់ម៉ារ៉ាតុង ដើម្បីកៀងគររកប្រាក់សម្រាប់ឧបត្ថម្ភដល់កុមារកំព្រាក្នុងខេត្ត ។

លុះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅមុខបរិវេណ សាលាខេត្តបាត់ដំបង មានការជួបជុំពីសំណាក់អ្នកស្ម័គ្រចិត្ត ក្នុងការចូលរួមរត់ម៉ារ៉ាតុង សរុបប្រមាណជាង ១.០០០ នាក់ ដែលក្នុងនោះមានក្រុមជនពិការ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្រោមវត្តមានរបស់លោក ស សុខា និងលោក ស រដ្ឋា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ។

គួរបញ្ជាក់ថា ការរត់ម៉ារ៉ាតុងនេះ ត្រូវបានបែងចែកជា៣ក្រុម ឬ៣ដំណាក់កាល ដោយផ្តើមចេញពីចំណុចខាងមុខសាលាខេត្តបាត់ដំបង ឆ្លងស្ទឹងសង្កែឆ្ពោះទៅកាន់ស្ពានថ្មថ្មី បែរទៅរកសួនភ្លោះព្រែកមហាទេព រួចធ្វើដំណើរតាមផ្លូវលេខ៣ ក្នុងក្រុងបាត់ដំបង តំរង់ទៅមុខសាលាខេត្តវិញដើម្បីបញ្ចប់ ដែលសរុបមានចម្ងាយ ៥ km ដើម្បីប្រគល់ពានទៅលើអ្នកដែលទទួលបានជ័យលាភី ។

ដំណាក់កាលទី១ គឺជាក្រុមរទេះជនពិការ បន្ទាប់មកគឺជាក្រុមមន្ត្រីរាជការ ឯក្រុមចុងក្រោយគឺជាក្រុមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីកៀងគររកថវិកា ជួយឧបត្ថម្ភដល់កុមារកំព្រា ក្នុងខេត្ត និងបញ្ចប់កម្មវិធី ៕ អត្ថបទ : ព្រាប.ស