បងប្អូនកសិករដាំឈូកនៅក្នុងភូមិព្រែករាំង រីករាយសប្បាយចិត្តព្រោះដំណាំឈូករបស់ពួកគាត់លក់បានថ្លៃ នៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ដែលមានមុខរបរដាំឈូក យកគ្រាប់ទុំលក់ មានក្តីរីករាយសប្បាយចិត្តព្រោះតែដំណាំឈូក របស់ពួកគាត់លូតលាស់បានល្អនិងមានតម្លៃលើទីផ្សារ ដែលអាចរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យមានភាពប្រសើរឡើង ។

កសិករឈ្មោះ យាន យ៉ន់ អាយុ៤៥ ឆ្នាំមានទីលំនៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ បានបញ្ជាក់ថា រូបគាត់ធ្វើស្រែនិងដាំឈូក ប៉ុន្តែឈូករបស់គាត់មិនទាន់ទុំនៅឡើយទេ អាចប្រហែលជាងមួយខែទៀតទើបប្រមូលផល ។

ដោយឡែក ប្អូនប្រុសរបស់គាត់ឈ្មោះ សាន ស៊ីម ដែលមានដីដាំឈូក ជាប់
ចំការគាត់ ដែរគឺបានប្រមូលផលរួចហើយ បានប្រមាណជាង៦០០គីឡូក្រាម នៃគ្រាប់ឈូកទុំ លើផ្ទៃដីដែលដាំដុះប្រមាណតែកន្លះហិកតាប៉ុណ្ណោះ គ្រាប់ឈូកប្រមូលផលពីដើម ដៃលក់បានថ្លៃពី៨ពាន់ទៅ
៩ពាន់រៀល ក្នុង១គីឡូក្រាម ឬអាច្រើនជាងនេះ ។

បើគិតជាមធ្យមត្រឹមតែ ៨ពាន់ រៀលក្នុង
១គីឡូក្រាម ប្អូនប្រុសគាត់ បានទទួលបានបា្រក់ជាង ៤លាន ៨០ម៉ឺនរៀល ក្នុងគ្រាប់ឈូក តែ៦០០ គីឡូក្រាមតែប៉ុណ្ណោះ បើកាត់ថ្លៃចាក់ប្រេងបូមទឹកនិងដាក់ជី អាចនៅសល់ចំណេញពីការដាំឈូកប្រមាណជាង ៣លានរៀល ។សម្រាប់គាត់អាចបានច្រើនជាងនេះ ព្រោះគាត់មានផ្ទៃដីធំជាង ។

លោក យាន យ៉ន់ ក៏បានបញ្ជាក់ដែរថាមុខរបរដាំឈូកនេះ គឺយើងដាំកូន ក្នុង
រយៈពេលតែ ៣ខែគឺបានប្រមូលផលហើយ ដោយប្រមូលផលរហូតដល់ខែទី ៥។ នៅពេលដែលប្រមូលផលរួចហើយដើមឈូកចាស់ទាំងអស់ ត្រូវម្ចាស់ចម្ការរាស់សម្លាប់ចោល រួចដាក់ទឹកថ្មី ក្រោយ
មកកូនឈូកនិងដុះលាស់ថ្មី ចេញមកមួយសារទៀត ដែលនឹងត្រូវប្រមូលផល ជាលើកទី២ នៅប្រមាណ ជាង
៣ខែក្រោយ ។ដូច្នេះក្នុង១ឆ្នាំអាចប្រមូលផលបាន ២ ដង ។ ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង ដែលមានមុខរបរដាំឈូកមានប្រមាណជាង ១០០គ្រួសារ ។

ដោយឡែក ក្រុមគ្រួសារគាត់ដែលនៅលើទីទួលខ្ពស់ជាងគេ នេះមានប្រមាណតែ ៦ គ្រួសារប៉ុណ្ណោះ ពួកគាត់អាចប្រមូលផលបានមុនគេ ។ មូលហេតុដោយសារតែដីគាត់ខ្ពស់ គាត់លើកជាភ្លឺខ្ពស់ បូមទឹកដាក់ រួចយកកូនឈូក មកដាំតែម្ដង ។ ចំណែកអ្នកដែលមានដីទំនាបត្រូវរង់ចាំទឹកស្រក ទើបដាំបាន និយាយជារួមគឺដាំតាមទឹកស្រក ដូចធ្វើស្រែបណ្តេញទឹកដែរ ។

លោក យាន យ៉ន់ កសិករដាំឈូកនៅភូមិព្រែករាំង បានបញ្ជាក់ដែរថា ដំណាំឈូក ត្រូវបានប្រជាកសិករ នៅគ្រប់ភូមិឃុំ ដែលអាចមានទឹកស្រោចស្រប់ ទាំងប្រាំងនិងវស្សា ចំណែកឈ្មួញបានចុះទិញគ្រប់ទីកន្លែង ដោយឈ្មួញខ្លះមានឱ្យប្រាក់ដល់កសិករអ្នកដាំខ្ចីមុន ដើម្បីធ្វើទុនក្នុងការ
ទិញ ប្រេងបួមទឹក និងជីជាដើម លុះពេលប្រមូលផល ត្រូវលក់ឱ្យឈ្មួញ ដែលជាអ្នកឱ្យប្រាក់ខ្ចីវិញ រួចកាត់កងប្រាក់ជំពាក់ តាមហ្នឹងទៅ ៕ សុខ គឹមសៀន