ទេសរដ្ឋមន្ត្រីបានប្រសាសន៍ថាសន្តិភាពធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា ប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ

ខេត្តកែប ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចាប់តាំងពីកម្ពុជាមានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ ១៩៩៨ មក ប្រជាជនមានជីវភាពកាន់តែប្រសើរ ផលិតផលសរុបប្រពលរដ្ឋម្នាក់ៗ កើនពី២០០ដុល្លារ ដល់ជិត១៦០០ដុល្លារ ក្នុងមួយឆ្នាំ សុខភាពល្អជាងមុន អាយុអាចរស់បានជាមធ្យមជាង៧០ឆ្នាំ ហើយប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែកែប កោះទន្សាយ ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប នៅថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២នេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា សន្តិភាពដែលសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន យកមកឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិយើងនេះ មានតម្លៃមិនអាចកាត់ថ្លៃបានទេ ព្រោះសន្តិភាពបានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលកសាងសមិទ្ធផលជាច្រើន ប្រទេសអភិវឌ្ឍលើគ្រប់វិស័យ បង្កើនឱកាសការងារ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ទាំងពីមានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ១៩៩៨ មក ប្រជាពលរដ្ឋ និងប្រទេសជាតិចាប់ផ្តើមប្រែមុខមាត់យ៉ាងឆាប់រហ័ស។ ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ សុខភាពក៏កាន់តែល្អ ហើយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានសេរីភាពពេញលេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងអន្តរកាលនៃវិបត្តិកូវីដ-១៩ ក្រៅពីវិស័យទេសចរណ៍ វិស័យផ្សេងៗនៅតែបន្តដំណើរការអភិវឌ្ឍន៍ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងបើកការដ្ឋានសាងសង់ ពង្រីក បង្កើនគុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ជាច្រើនខ្សែនៅទូទាំងប្រទេស ផ្លូវដែក ស្ពាន ព្រលានយន្តហោះ៣កន្លែង ហើយបាននឹងកំពុងដាក់សម្ភោធឲ្យប្រើប្រាស់នូវសមិទ្ធផលទាំងនោះជាបណ្តើរៗផងដែរ។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាកំពង់ផែកោះទន្សាយចំណាយថវិកាសាងសង់ប្រមាណ១,២លានដុល្លារ ។កំពង់ផែទេសចរណ៍កោះទន្សាយមានសារសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសជិតខាង ពិសេសងាយស្រួលដល់ទេសចរណ៍ក្នុងការចូលចតពេលទៅលម្ហែកម្សាន្តនៅលើកោះទន្សាយ និងកោះចំនួន១១កន្លែងផ្សេងទៀត នៃដែនសមុទ្រខេត្តកែប ៕ សេង ណារិទ្ធ