អាជ្ញាធរខេត្តសៀមរាប អរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ខេត្តសៀមរាបលើការអភិវឌ្ឍន៍គ្រប់វិស័យ

0

សៀមរាប៖ ក្នុងពិធីជួបពិភាក្សាការងារ ជាមួយលោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ខេត្តសៀមរាប លើការអភិវឌ្ឍន៍គ្រប់វិស័យ ដើម្បីឲ្យខេត្តមួយនេះកាន់តែរីកចម្រើន ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលជប៉ុន ជាមួយខេត្តសៀមរាប ដែលបានចុះអនុស្សរណៈជាមួយគ្នានាពេលកន្លងមកដូចជា៖ ក្រុងកូតា (kota) នៃខេត្តអាយឆិ ខេត្តខាណាហ្គាវ៉ា (Kanagawa) ក្រុងកូម៉ាត់ស៊ុយ (Komatsu) ក្រុងអូសាកា (Osaka) និងខេត្តអូសាកា ប្រទេសជប៉ុន។

លោកបានបន្ថែមទៀតថា ផ្តើមចេញពីទំនាក់ទំនងដ៏ផ្លែផ្កានេះហើយ ទើបយើងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដូចជា៖ ការផ្តល់ម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ០២ គ្រឿង តាមរយៈសាកលវិទ្យាល័យ WASEDA ដើម្បីគ្រប់គ្រងគ្រោះអគ្គីភ័យនៅតំបន់ផ្សារចាស់ ការផ្តល់ជំនួយពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ការជួសជុលប្រាសាទបុរាណរួមមាន ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត ការសាងសង់មន្ទីរពេទ្យកុមារអង្គរ និងកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះកុមារកម្ពុជាជារៀងរាល់ថ្ងៃ ជំនួយឧបត្ថម្ភដល់សាលារៀន ព្រមទាំងជួយបណ្តុះបណ្តាលផ្នែក ធនធានមនុស្ស តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងការជួយកសាងប្លង់គោលប្រើប្រាស់ដីធ្លីក្រុងសៀមរាប បង្កើតនូវសារមន្ទីរព្រះសីហនុ ស្ថិតនៅខាងជើងជាប់នឹងរបងសាលាខេត្តសៀមរាប។

ជាមួយគ្នានោះដែររាជរដ្ឋាភិបាលជប៉ុន បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈប្រភេទ LED ចំនួន ២៤៥០គ្រាប់ ដែលកំពុងប្រតិបត្តិការ លើផ្លូវសំខាន់ៗក្នុងខេត្ត តាមរយៈក្រុមហ៊ុន Minibea គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្រោមឥណទានរបស់ JICA មានទឹកប្រាក់វិនិយោគសរុបប្រមាណ ៩០លានដុល្លាអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយទៀត សមត្ថភាព ៦០,០០០ម៉ែត្រគូប/ថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប ១៩៦គីឡូម៉ែត្រ៕