អាជ្ញាធរខេត្ត លើកទឹកចិត្តពលរដ្ឋដែលជាសមាគមន៍វារីប្បករនៅកម្ពុជា បន្តពង្រឹង និងពង្រីកគុណភាពត្រីតាមស្តង់ដាខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅស្រុក

0

សៀមរាប៖ ក្នុងឱកាសជួបពិភាក្សាការងារអំពីស្ថានភាពនៃអាជីវកម្មវារីវប្បកម្មនៅខេត្តសៀមរាប ជាមួយសមាគមន៍វារីប្បករនៅកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងខេត្តសៀមរាបមានក្រុង/ស្រុកចំណុះចំនួន ១២ក្រុង-ស្រុក ជាខេត្តនៅជាប់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋ ១,០០៦,៥១២នាក់ តម្រូវការត្រីហូបចុកប្រចាំថ្ងៃ ក្នុងនោះត្រីចាប់ពីធម្មជាតិ តាមវាលស្រែ និងផលវារីវប្បកម្ម។

លោកបន្តថា ស្រុកដែលមានសក្តានុពលជាងគេសម្រាប់ធ្វើវារីវប្បកម្មមានចំនួន ៦ក្រុង-ស្រុកនៅជាប់បឹងទន្លេសាបរួមមាន៖ ស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រុងសៀមរាប ពួក និងស្រុកក្រឡាញ់ និង ៦ស្រុកផ្សេងទៀត នៅប៉ែកខាងលើផ្លូវជាតិលេខ៦ គឺជាស្រុកដែលពុំមានដែននេសាទ និងពុំសូវមានប្រភពទឹកគ្រប់គ្រាន់គឺ ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត មានសេចក្តីរីករាយ សប្បាយចិត្ត និងគាំទ្រលើកទឹកចិត្ត ដល់បងប្អូនជាសមាជិកសមាគមន៍វារីប្បករនៅកម្ពុជា ត្រូវបន្តពង្រឹង និងពង្រីកគុណភាពត្រីឱ្យបានល្អ និងតាមស្តង់ដាខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅស្រុក ព្រោះវាជាចំណែកមួយដែលជួយដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាយើងផងដែរ៕