ឯកឧត្តម វង សូត ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រលងជាប់បាក់ឌុប ចំពោះ សិស្សជាប់និទ្ទេស A ទទួល បាន ៥០០ដុល្លារ

ត្បូងឃ្មុំ : ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នាព្រឹក ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះ បានអញ្ជេីញ សំណេះសំណាល ជាមួយ សិស្សានុសិស្ស ទូទាំងស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងវិទ្យាល័យជាច ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ។

មានមតិសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ឯកឧត្តម វង សូត រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិត ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកសាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យាសាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា លទ្ធផលដែលយើងសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បីតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណល្អប្រសើរដល់ក្មួយៗបានចូលរៀនដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។

ជាមួយគ្នា នោះ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការអប់រំ ណែនាំបន្ថែមដល់ក្មួយៗសិស្សានុសិស្ស ទាំងចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែម នាពេលអនាគត។

គួរ បញ្ជាក់ ថា ការ ផ្ដល់ អំណោយ លេីក ទឹកចិត្ត នេះ ចំពោះ បេក្ខជន ដែលប្រឡងជាប់និន្ទេសA ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០០ដុល្លារ និទ្ទេសB ចំនួន៣៤ នាក់ ដោយក្នុងម្នាក់ៗទទួលបានទូរស័ព្ទ ដៃមួយគ្រឿង , និទ្ទេស C ចំនួន១២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺន រៀល ដោយឡែក និទ្ទេសD និង និទ្ទេស E ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺន រៀល ៕