ផ្សព្វផ្សាយវិធានការទប់ស្កាត់រថយន្តចង្កូតស្តាំនិងបិទវគ្គមេរៀនលំហាត់របៀបនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ:នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយ វិធានការទប់ស្កាត់រថយន្តចង្កូតស្ដាំនិង បិទវគ្គបណ្ដុះបណ្ដាលលំហាត់របៀបនៅនឹងកន្លែងរយ:ពេលខ្លី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្ស បានថ្លែងថា លោកសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមចំនួន៤៨នាក់ដែលបានយកចិត្តទុកដាក់រៀនសូត្រ វគ្គពង្រឹងលំហាត់របៀបនៅនិងកន្លែង សិក្ខាកាមយើងបានទទួលជោគជ័យរហូតដល់៩៩%។លោកក៏បានស្នើឲ្យគ្រប់អង្គភាពជំនាញ បណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ និងវរ:នគរបាលការពារព្រំដែនទាំង៤ ត្រូវចាត់បញ្ជូនមន្ត្រីមករៀនសូត្របន្តទៀត ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ និងវិន័យ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានផ្សព្វផ្សាយពីវិធានការទប់ស្កាត់រថយន្តចង្កូតស្តាំ និងបានប្រកាសឲ្យមន្ត្រីនគរបាលទូទាំងខេត្តដែលមានរថយន្តចង្កូតស្តាំត្រូវធ្វើបច្ចុប្បន្នភាព យកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានភាពស្របច្បាប់ និងស្លាកលេខថ្មី។ ក្នុងនោះលោកក៏បានអំពាវដល់លោកអធិការគ្រប់ក្រុងស្រុក ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យបានទូលំទូលាយ ព្រោះមួយរយ:ចុងក្រោយនេះគ្រោះថ្នាក់ចរាចរណ៍ហាក់មានការកើនឡើង ពិសេសស្រុកមង្គលបូរី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រសាសន៍ វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ សិក្ខាកាមនគរបាលទាំងអស់ក្រោយបញ្ចប់វគ្គលំហាត់របៀបរយ:ពេលខ្លីនេះ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ជាប្រយោជន៍នៅតាមអង្គភាពរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព។ ទន្ទឹមគ្នានោះលោកក៏បានណែនាំដល់កងកម្លាំងដែលប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវយកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវដឹងពីច្បាប់នៃការប្រើប្រាស់រថយន្តស្លាកលេខនគរបាល ។ ចំពោះមន្ត្រីនគរបាលណា ឬជនណាដែលលួចបន្លំប្រើប្រាស់ស្លាកលេខនគរបាល ក្រុមការងារបង្កា បង្ក្រាបនិងវិធានការតាមច្បាប់៕ដោយ៖ ឃិន គន្ធា