ផ្លូវក្រាលកៅស៊ូ ៦ ខ្សែ ក្នុងក្រុងបាត់ដំបង នឹងត្រូវស្ថាបនាក្នុងពេលឆាប់ៗខាងមុខ

0

អត្ថបទ និងរូបភាព លោកព្រាប ស

ខេត្តបាត់ដំបង: ផ្លូវចំនួន៦ខ្សែ និងផ្លូវសំបុកមាន់ មួយចំនួនក្នុងក្រុងបាត់ដំបង នឹងត្រូវស្ថាបនាថ្មីឡើងវិញដោយក្រាលកៅស៊ូ ដើម្បីអោយប្រជាពលរដ្ឋបានប្រើប្រាស់ បន្ទាប់ពីទទួលរងនូវការខូចខាតរយ:កាលកន្លងមក។

នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួន៦ខ្សែ និងការជួសជុលផ្លូវសំបុកមាន់ ក្នុងក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក ស្នងការនគរបាលខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងចៅសង្កាត់ និងប្រជាពលរដ្ឋផងដែរ ។

ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើការជួសជុលកំណាត់ផ្លូវដូចខាងក្រោម : ១.ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៥១៥ (ផ្លូវទៅវត្តពោធិ៍វង្ស ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង១៦៥ម x ១០ម ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

២.ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុបរំចេក ដល់ផ្លូវមាត់ស្ទឹង) ដែលមានប្រវែង ១៥២០ម x ៨ម ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

៣.ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣០ ចាប់ពីផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ ៥១៥ ដែលមានប្រវែង ១១៦៥ម x ៨ម ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

៤.ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ៧០០ (មុខយោធភូមិភាគទី៥ ផ្លូវចំការដូង)ដែលមាន ទំហំ ១០៥០ម x ៨ម ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

៥.ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៣៩ ពីផ្លូវលេខ ៣ ដល់ផ្លូវលេខ ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង ៥០៥ម x ៦ម ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

៦.ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១១១ ពីផ្លូវលេខ ៥២៤ ដល់ផ្លូវលេខ ១១៥ (ផ្លូវខាងជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង ២៥០ម x ៦ម ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ និង ការងារជួសជុលផ្លូវសំបុកមាន់ក្នុង ក្រុងបាត់ដំបង ។

នាឱកាសនោះឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង និងសង្កាត់រៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឲ្យបានហើយស្រេច ទាំងចំណីផ្លូវ សំណង់អាណាធិបតេយ្យ និងការលក់ដូរគ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការរៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឲ្យសណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមានគម្រោងចង់ពង្រីកផ្លូវ បង្ករការលំបាកក្រុមការងារក្នុងការដោះស្រាយ ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំណល់ផ្សេងៗឲ្យមានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង និងដើម្បីសោភ័ណភាពក្នុងក្រុងបាត់ដំបង ឲ្យសាកសមនឹងក្រុងដែលទើបទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ។

ឯកឧត្តម មានប្រសាសន៍ ជំរុញដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ចាក់នៅតាមបណ្ដាមណ្ឌលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានរបស់ខ្លួន និងអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍ និងជាពិសេសជំងឺកូវីដ-១៩បម្លែងថ្មី អូមីក្រុង ដែលកំពុងវាយប្រហារយ៉ាងរហ័សក្នុងសហគមន៍ និងពិភពលោក ៕