គ្រាប់B40ដែលនៅមានគុណភាពត្រូវបានប្រគល់អោយសុីម៉ាក់ធ្វើការកម្ទេចចោល

0

អត្ថបទនិងរូបភាព លោកព្រាប ស

ខេត្តបាត់ដំបង: គ្រាប់ B40 ដែលនៅមានអនុភាពអាចសម្លាប់មនុស្ស ឬសត្វបាន ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ទៅអោយមន្ត្រីស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលតាមជំនាញ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋដែលជាកសិករធ្វើចម្ការ នៅចំណុចឈ្នាន់៣ ក្នុងភូមិសាស្ត្រភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានមករាយការណ៍ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទឺ១ ថាបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ដែលកប់នៅក្នុងដី ដោយគ្រាន់តែហើបមកលើបន្តិចតែបណ្ណោះ។

ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ គឺបានសង្គេតឃើញថា ជាប្រភេទ គ្រាប់ B40 ដែលគ្រាប់នេះអាចនៅមានគុណភាព និងអាចសម្លាប់មនុស្សបានបើទោះបីជាវាកប់នៅក្នុងដីយូរមកហើយក៏ដោយ ទើបកម្លាំងបានរាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ ដែលឈរជើងនៅក្នុងតំបន់នោះអោយមកពិនិត្យ។

ទីបំផុត នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃដដែល មន្ត្រីស៊ីម៉ាក់ បានចុះទៅយកគ្រាប់នោះចេញពីក្នុងដី ដើម្បីយកទៅរក្សាទុក និងធ្វើការកម្ទេចចោលនៅពេលក្រោយ ៕