កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង

0

អត្ថបទនិងរូបលោកគឹម សេង
ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយះពេលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ​ ពិសេសការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តសម្រាប់ទិញម៉ូតូផ្តល់ជារង្វាន់លេីកទឹកចិត្តដល់សិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង២៦នាក់​ បាននិទ្ទេសA។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។
៣.អាជ្ញាធរក្រុង ស្រុក ត្រូវផ្សព្វផ្សាយ និងជម្រុញឱ្យមន្ត្រីរាជការជួរមុខទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដែលដូសជំរុញឱ្យបានគ្រប់ៗគ្នា នូវទីតាំងនានាដែលរដ្ឋបាលខេត្តបានកំណត់ ។
៥. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
៦.អាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ជាដើម ជាពិសេសក្នុងរដូវប្រាំងខាងមុខ។
៧.អាជ្ញាធរ ក្រុង ស្រុក ត្រូវធ្វើការត្រួតពិនិត្យរាល់សកម្មភាពរថយន្តទាំងឡាយណា ដែលដឹកដីត្រូវមានកិច្ចសន្យានិងលិខិតអញ្ញាតត្រឹមត្រូវ ធ្វើយ៉ាងណាដឹកតាមលក្ខណៈបច្ចេកទេសដោយធានានាថាមិនប៉ះពាល់ដល់ផ្លូវសាធារណៈនិងសុខភាពប្រជាពលរដ្ឋ៕