អភិបាលខេត្តត្បូងឃ្មុំកោតសរសើរចំពោះសមាគមន៍នារីដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្ត ក្នុងការបំពេញការងារមនុស្សធម៌

ខេត្តត្បូងឃ្មុំ ៖ ក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ ដោយមានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ជាសេនាធិកា ក្រោមការដឹកនាំរបស់ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាប្រធានកិត្តិយសសាខា និង លោកជំទាវ នី ចាន់ធីតា ជាប្រធានប្រតិបត្តិសាខា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគម ដែលបានខិតខំបំពេញភារកិច្ច របស់សមាគម ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជា ។

ថ្លែងក្នុង ពិធី នោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានថ្លែងថា សមាគន៍នារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និង អន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌ ។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់ពីការគិតគូខ្ពស់ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវសុខសុវត្ថិភាព សុខុមាលភាពសង្គម ជូនដល់ប្រជាជនទូទាំងប្រទេស ដោយទទួលបានការចាក់វាក់សាំងកូវីដ-១៩ តាំងពីដូសទី១រ ហូតដួសជម្រុញដល់មនុស្សគ្រប់វ័យ ដោយឥតគិតថ្លៃ និងបានក្រើនរំលឹកផងដែរ ត្រូវបន្តប្រុងប្រយ័ត្នអនុវត្តន៍តាមវិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នូវទម្រង់ថ្មីគ្រប់ប្រភេទ ធ្វើអោយប្រទេសជាតិទទួលនូវបានភាពសុខដុមរមនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៀត ៕