មកដឹងតម្លៃអយស្ទ័រដែលដាក់លក់ជាប្រចាំនៅក្នុងសង្កាត់កោះតូចក្រុងបូកគោ

ខេត្តកំពត ៖ អយស្ទ័រជាអាហារគ្រឿងសមុទ្រមួយប្រភេទ ដែលគេនិយមចូលចិត្តបរិភោគ ពិសេសយកធ្វើជាគ្រឿងក្លែម។អយស្ទ័រមានរសជាតិឆ្ងាញ់មិនចាញ់គ្រឿងសមុទ្រឯទៀត ដោយសារការផ្សំគ្រឿងអយស្ទ័រដូចជា ការបុកទឹកត្រីមានរសជាតិហឹរ ខ្ទឹមបំពងឈ្ងុយ ផ្សំនឹងបន្លែស្លឹក,ត្រួយ ក្ទម្ពឬកន្ធំថេត ធ្វើឱ្យអយស្ទ័រមានរសជាតិឆ្ងាញ់មិនធម្មតាឡើយ។

បានជួបជាមួយអ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ចែ លីម ជាអ្នកលក់អយស្ទ័រ នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ឱ្យដឹងថា អយស្ទ័រដែលគាត់ដាក់តាំងលក់នៅតាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ មានអនាម័យល្អ ដោយបានសម្រិតសម្រាំងជាបីប្រភេទ គឺលេខ១ លេខ២ និងលេខ៣។ចំពោះអយស្ទ័រប្រភេទលេខ១ ក្នុង១គ្រាប់មានតម្លៃ៦០០រៀល ចំណែកប្រភេទលេខ២ ក្នុង១គ្រាប់ តម្លៃ៤០០រៀល។ដោយឡែកអយស្ទ័រប្រភេទលេខ៣ ក្នុង១គ្រាប់តម្លៃត្រឹម៣០០រៀលប៉ុណ្ណោះ។

អ្នកលក់អយស្ទ័រខាងលើបានបញ្ជាក់ទៀតថា ការនេសាទអយស្ទ័រពិតជាមានការលំបាកណាស់ ដោយបងប្អូនអ្នកនេសាទត្រូវមុជទឹកវាយបំបែកចេញពីក្រហែងថ្មយកដាក់លើទូក រួចដឹកមកច្រាំង ទើបដឹកជញ្ជូនបន្តមកកន្លែងលក់ ហើយនាំគ្នាវាយបំបែកយកសំបកម្ខាងចេញ បន្ទាប់មកជញ្ជូនតម្រៀបក្នុងកេះស្នោដើម្បីក្លាស្សេសម្រាប់លក់ជូនអតិថិជនដែលនិយមចូលចិត្ត ពិសេសអ្នកដំណើរទេសចរ ដែលមកពីគ្រប់បណ្តាខេត្ត។រូឯសំបកអយស្ទ័រក៏មានប្រយោជន៍ដែរ គឺយើងបានជញ្ជូនទុកមួយកន្លែងសម្រាប់លក់ឱ្យឈ្មួញ។

ចែ លីម បានបន្តថា ការលក់អយស្ទ័រគ្រប់ប្រភេទ គឺអ្នកលក់នឹងហ្វ្រីជូនទឹកត្រី និងខ្ទឹមបំពង ចំណែកត្រួយកន្ធំថេត អតិថិជនអាចជួយទិញថែមបាន ព្រោះទីតាំងលក់អយស្ទ័រគ្រប់កន្លែងសុទ្ធតែមានលក់ស្លឹកកន្ធំថេត និងគ្រឿងសមុទ្រមួយចំនួនទៀតផងដែរ។

ក្នុងខណៈនេះ ចែលីម ជាអាជីវករលក់អយស្ទ័រនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត សូមអំពាវនាវដល់ អតិថិជន មហាជន និងអ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ សូមជួយទិញអយស្ទ័ររបស់គាត់យកទៅពិសារពិតជាមិនខកបំណងឡើយ ព្រោះអយស្ទ័រដែលដាក់លក់នៅទីនោះសុទ្ធតែស្រស់ៗល្អ គ្មានប្រើសារធាតុគីមី ថែមទាំងមិនក្លែងបន្លំនូវគុណភាពដើម្បីកេងយកចំណេញពីអតិថិជននោះឡើយ៕ សេង ណារិទ្ធ