អគ្គីភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋកណ្ដាលក្រុងស្ទឹងសែន បង្កឲ្យមានការភ្ញាក់ផ្អើល

0

កំពង់ធំ៖ អគ្គីភ័យបានឆេះហុយផ្សែងទ្រលោម កណ្ដាលក្រុងស្ទឹងសែន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាធារណជនដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសធ្វើឲ្យមានការបារម្ភជាខ្លាំងពីសំណាក់អ្នកដែលនៅក្បែរនោះ។
តុការណ៍នេះបានកើតឡើងវេលាម៉ោងប្រមាណ ១៦:២០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅផ្ទះប្រជាពលរដ្ឋជាប់នឹងផ្ទះសំណាក់អរុណរះ ស្ថិតក្នុងភូមិទី០៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះឆាបឆេះនោះមានម្ចាស់ឈ្មោះ សេង ហ៊ាន ភេទប្រុសអាយុ ៥៤ ឆ្នាំ នៅជាន់លើទី ៣ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ។
សម្ភារៈខូចខាតរួមមាន៖១/ផ្ទះទំហំទទឹង ៤ម៉ែត្រ×១៥ម៉ែត្រ ធ្វើអំពីថ្មលាយឈើប្រក់ស័ង្កសី(ខូចខាតខាងលើជាន់ទី ៣ទាំងស្រុង) ២/លុយចំនួនប្រហែល ៣០០០,០០០៛(បីលានរៀល) ៣/ទូរទស្សន៍ ៣ គ្រឿង ៤/ទូដាក់ខោអាវ១៥/កុំព្យូទ័រ១ឈុតនិងសម្ភារៈផ្សេងៗមួយចំនួនទៀត។
តាមការសន្និដ្ឋានបឋមបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
គួរបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ១៥ស៊ីទែនទើបពន្លត់បាន ១០០% ក្នុងនោះប្រើប្រាស់កម្លាំងចូលរួមពន្លត់មាន កម្លាំងស្នងការខេត្ត កម្លាំងអធិការក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារ និងកម្លាំងកងរាជអាវុធហត្ថសរុបប្រហែល ១៥០ នាក់ ផងដែរ ៕