ឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនមិនបានសម្រចបណ្តាលឲ្យកង់បីឥណ្ឌាក្រឡាប់រងរបួសម្នាក់ឯក្រុមចោរគេចខ្លួនបាត់អស់

0

អត្ថបទនិងរូបភាពលោកជីម ភារ៉ា

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់កំពុងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចបណ្ដាលឲ្យក្រឡាប់កង់បីរងរបួសម្នាក់ កាលពីវេលាម៉ោង០១និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្សារទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខតាកែវ1R-9637បានដឹកភ្ញៀវបុរសជនជាតិចិនចំនួន ពីរនាក់ចេញពីម្តុំសណ្ឋាគារមួយកន្លែងតាមបណ្ដោយផ្លូវកម្ពុជាក្រោម គោលបំណងយកទៅម្ដុំផ្សារជម្ពូវ័ន ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពេលកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកអៀបកង់បីរបស់គាត់ ហើយជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយបានធ្វើសកម្មភាពលូកដៃឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ខណះជនរងគ្រោះឃើញក៏ប្រទាញប្រទង់គ្នាយកទូរស័ព្ទមកវិញ និងធ្វើឲ្យអ្នកបើកបរម៉ូតូកង់បីរេចង្កូតក្រឡាប់អូសប្រមាណជិត៥ម៉ែត្រ និងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅនឹងកន្លែង ហើយបានធ្វើការសួរនាំ ទៅលើជនរងគ្រោះ ដោយឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តែជនរងគ្រោះមិនព្រមទៅ លុះមួយសន្ទុះក្រោយមក ក៏មានសាច់ញាតិជនរងគ្រោះបានមកដល់ក៏យកជនរងគ្រោះដាក់លើម៉ូតូកង់បីឥណ្ឌាមួយគ្រឿងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង ៕