ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជម្រុញដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវមានវត្តមាន ដេីម្បីផ្តល់ភាពកក់ក្តៅ និងពិគ្រោះសុំយោបល់

ត្បូងឃ្មុំ : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្ត ក្រុង ស្រុក ត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដ ដែលជាការផ្តល់ភាពកក់ក្តៅ និងដើម្បីពិគ្រោះសុំយោបល់ ពីសំណាក់អ្នកនៅមូលដ្ឋាន។ ជាពិសេស ក្នុងនាមក្រុមការងារចុះមូលដ្ឋាន គឺត្រូវចុះជួយដោះស្រាយរាល់បញ្ហានានា បន្តអភិវឌ្ឍន៍ និងគាំទ្រយន្តការដ៍ល្អរបស់សម្តេចតេជោ ហ៊ុន សែន តែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋាន ដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ ។ ការ ថ្លែង បែប នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ក្នុងឆ្នាំកន្លងមកនេះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការជម្រុញនិងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ អភិបាលក្រុងស្រុក ត្រូវសហការជាមួយកងកម្លាំងទាំង៣ ឲ្យទៅជាកម្លាំងប្រមូលផ្តុំតែមួយ ពោលគឺរៀបកម្លាំងខាងក្នុងបានល្អ ចេញទៅខាងក្រៅនឹងជោគជ័យ ដោយយកចិត្តទុកដាក់បំរើសេវាបំពេញតាមបំណងប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឲ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជម្រុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព ផងដែរ ៕