អភិបាលខេត្តកំពង់ធំជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាការពារព្រៃនៅតំបន់បីឱ្យបានគង់វង្ស

(កំពង់ធំ)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំជំរុញប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាការពារព្រៃនៅតំបន់បីឱ្យបានគង់វង្ស ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលឯកឧត្តមបានដឹកនាំប្រធានមន្ទីរអង្គភាពជំវិញខេត្ត មន្ត្រីជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំងបីចុះដាំកូនឈើព្រៃលិចទឹកស្តារឡើងវិញនៅតំបន់បីក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅចំណុច( វាលបែកចាន) ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម ងួន រតនៈ បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវជួយថែរក្សាការពារព្រៃនៅតំបន់បី ពិសេសកូនឈើដែលបានដាំឡើងវិញឱ្យបានគង់វង្សដែលទុកជាប្រយោជន៍រួមជាការស្តារឡើងវិញនូវព្រៃដែលបានបាត់បង់កន្លងមកសម្រាប់យើងទាំងអស់គ្នាតទៅ។
ឯកឧត្តមក៏បានរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ចត្រូវបន្តជួយការពារព្រៃលិចទឹក និងកូនឈើដែលបានដាំរួចថ្មីៗឱ្យបានជាប់ជាប្រចាំក៏ដូចជាការពារការឆេះព្រៃនៅរដូវប្រាំងព្រោះខ្លាចមានការបន្តបំផ្លាញពីសំណាក់ជនខិលខូចឬជនឆ្លៀតឱកាសមួយចំនួន។

ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹង បរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។ ការប្រែប្រួលអាកាសធាតុ នាំមកនូវមិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកំដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាត និងជាទីជម្រកសម្រាប់ត្រីពងកូននៅរដូវវស្សា ជាដើម ។
សូមបញ្ជាក់ថាកូនឈើដែលបានដាំនៅថ្ងៃនេះមានមានបីប្រភេទចំនួន៤,៨០៤ ដើម កូនរាំង កូនតាសែង និងកូនត្រស់ ដោយដាំលើផ្ទៃដី៤៨ហិចតា។