អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីសុខាភិបាលសូមកុំកសាងកំហុសដោយខ្លួនឯងហេីយ បែរជាចោទប្រកាន់ទៅលេីរាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់មន្ត្រីសុខាភិបាល ទាំងអស់ សូមកុំកសាងកំហុសដោយបុគ្គលខ្លួនឯងហេីយបែរជាចោទប្រកាន់ទៅលេីរាជរដ្ឋាភិបាលដោយកន្លងមកមានអ្នកខ្លះ យក ឈ្មោះជាមន្ត្រីសុខាភិបាលនិងយកមន្ទីរពេទ្យរបស់រដ្ឋទៅប្រព្រឹត្តអំពើពុករលួយព្រោះចង់បានលាភសក្ការៈ ផ្ទាល់ខ្លួននៅពេលដែលមានបញ្ហាតែងតែឆ្លើយយករួចខ្លួនហើយបែរជាបន្ទោសលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំផ្សេងៗ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ឲ្យខិតខំកែប្រែកំហុស ត្រង់ចំណុចខ្វះខាតដែលនៅសេសសល់ហើយងាកមកបម្រើសេវាព្យាបាលជូនពលរដ្ឋធ្វើយ៉ាងណាកុំឲ្យមានការ ថ្នាំងថ្នាក់ដេីម្បីទទួលបានការគាំទ្រនិងប្រជាប្រិយភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលទាំងនេះគឺចាត់ទុកថាជាការ ជួយដល់ខ្លួនឯងហេីយក៏ប្រៀបបានទៅនឹងការជួយដល់រាជរដ្ឋាភិបាលផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការផ្តាំផ្ញេី ដល់មន្ត្រីជាប់ក្របខ័ណ្ឌថ្មីទាំង២៥៥ នាក់ដែលជាមន្ត្រីរបស់រាជរដ្ឋាភិបាលសូមឲ្យធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អតាមក្រមសីលធម៌វិជ្ជាជីវៈជា គ្រូពេទ្យស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលស្របតាមផែនការសុខមាលភាពនិងផែនការ វិជ្ជាសាស្ត្រ ដែលក្រសួងសុខាភិបាលបានដាក់ចេញជាពិសេសមន្ទីរសុខាភិបាលតែម្ដងសំដៅធ្វើយ៉ាងណាឲ្យ ក្លាយទៅជាពេទ្យគំរូ និងក្លាយទៅជាអ្នកបន្តវេនក្នុងវិស័យសុខាភិបាល ។

ក្នុងពិធីនោះដែរ លោក វេជ្ជបណ្ឌិត គីម សួរភីរុណប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមបានថ្លែងការ កោតសរសើរចំពោះ មន្ត្រី សុខាភិបាលទាំងអស់ដែលកន្លងមកបានសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ស្របតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែន ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលក្នុងនោះក៏មានវត្តមានរបស់មន្ត្រីជាប់កិច្ចសន្យាដែលទទួលបានក្របខ័ណ្ឌថ្មី ទាំង២៥៥នាក់នេះផងដែរ ៕