កាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២

0

ខេត្តព្រះសីហនុ៖លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះបាន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាព ចរាចរណ៍ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ដោយមានសិក្ខាកាមអញ្ជើញចូលរូមចំនួន៩០នាក់មកពី ២៥ រាជ ធានី ខេត្ត រួមនិងលោក David Curtis ទីប្រឹក្សាពិការភាព នៃអង្គការ Light For The World លោកស្រី ប៉ែន កេសរនី កូល តំណាងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក៏បានងញ្ជើញចូលរូមផងដែរ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ថ្លែងអំណរ គុណកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជ្រើស យក ខេត្តព្រះសីហនុបើកសិក្ខាសាលាក្នុងគោលបំណងបង្ហាញនិងឆ្លុះបញ្ចាំងពីសមិទ្ធផលបញ្ហាប្រឈមនិងដំណោះស្រាយ នៃសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាពចរាចរណ៍ នៃសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្តឆ្នាំ២០២១ការកសាងបណ្តាញសុវត្ថិភាពចរាចរណ៍និងកសាងភាពធន់របស់សាខាក្នុងការអនុវត្តសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ដើម្បីបង្ការជីវិតប្រជាពលរដ្ឋពីការស្លាប់ របួស និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ទិសដៅការងារអភិវឌ្ឍន៍យុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរា ចរណ៍ក្នុងផែនការ អប្បបរមារបស់សាខាទាំង២៥ រាជធានី ខេត្ត។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានបន្តថា យុវជនស្ម័គ្រចិត្តកាកបាទ ក្រហមខេត្តព្រះសីហនុ បានបង្កើតនៅឆ្នាំ២០២១  មានសាលាគោលដៅចំនួន១២ ទីប្រឹក្សា ២៥ នាក់ និងយុវជន ៧៥១នាក់ស្រី៣១៩នាក់ដោយបានបណ្ដុះបណ្ដាលនូវចំណេះដឹងជាមូលដ្ឋានអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ រួមទាំងចំណេះដឹងអំពីការអប់រំសុខភាពនិងវិជ្ជាសង្គ្រោះ បឋម។អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមានចំនួន២៦៧នាក់ស្រី៨៤នាក់។យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រោះធម្មជាតិក្នុងខេត្ត បានពង្រីកបណ្តាញក្នុងជួរមន្ត្រីរាជការ ព្រះសង្ឃ កម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងពលរដ្ឋបង្កើត មាននៅតាមឃុំសង្កាត់ទាំង៥មានសមាសភាពសរុប២៤០នាក់ស្រី១២៥នាក់និងពង្រីកអ្នកស្ម័គ្រចិត្តនៅក្រុងកោះរ៉ុង៥០នាក់បានធ្វើសកម្មភាពផ្សព្វផ្សាយនិងចុះចែកចាយស្បៀងរបស់សាខានិងស្បៀងរបស់រាជរដ្ឋាភិបាលនៅតំបន់បិទខ្ទប់ និងតំបន់ក្រហមចំនួន ៤៣,៣៨៩ គ្រួសារ។ បានចូលរួមការងារគ្រោះមហន្តរាយ ជួយសម្រាលការ លំបាកប្រជាពលរដ្ឋដោយប្រការផ្សេងៗ ជួយឧបត្ថម្ភដល់អ្នកជំងឺអេដស៍ក្នុងមូលដ្ឋានជាដើម។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចបានពង្រឹង និងជំរុញ គ្រប់ សកម្មភាពកាកបាទក្រហមកម្ពុជាដែលជាកម្លាំងអ្នកស្ម័គ្រចិត្តនិងជាប្រតិបត្តិកររបស់កាកបាទក្រហមកម្ពុជាយ៉ាងសំខាន់ ព្រមទាំងបានកោតសរសើរខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជាច្រើន ស្របតាមឆន្ទៈរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។ ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តបានដំណើរការល្អ និងជំរុញសកម្មភាពជួយដល់អាជ្ញាធរសាធារណៈប្រកបដោយគុណតម្លៃ សម្រាប់វិស័យការងារនីមួយៗ។

លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា អ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត បានស្ម័គ្រចិត្តលះបង់ពេលវេលា ដ៏មានតម្លៃចូលរួមសកម្មភាពមនុស្សធម៌ ចូលរួមឧបត្ថម្ភគាំទ្រការងារអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺជំងឺកូវីដ-១៩ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ពិសេសភាពម្ចាស់ការទាំងស្រុងខាងផ្នែកហិរញ្ញវត្ថុរបស់សាខា។ អ្នកស្ម័គ្រចិត្តជាកម្លាំងស្នូល ជាឆ្អឹងខ្នងរបស់សកម្មភាពមនុស្សធម៌នៃសង្គមជាតិនីមួយៗក្រុមទាំងពីរនេះជាកម្លាំង ចលករជាអ្នកផ្ដល់សេវាកម្មស្ម័គ្រចិត្ត ជាគោលការណ៍គ្រឹះមួយក្នុងចំណោមគោលការណ៍គ្រឹះទាំង៧របស់ចលនា កាកបាទក្រហម។ បណ្ដាញអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដល់ ឆ្នាំ១៩៩៦ក្រោយថ្ងៃរំដោះ៧មករា១៩៧៩បណ្ដាញអ្នកស្ម័គ្រចិត្តទទួលការបណ្ដុះបណ្ដាលនូវចំណេះដឹងជាមូលដ្ឋាន អំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ រួមទាំង ចំណេះដឹងអំពីការអប់រំសុខភាព និងវិជ្ជាសង្គ្រោះបឋម ពួកគាត់ធ្វើសកម្មភាព ឬប្រតិបត្តិការនៅតាមភូមិ ឬមូល ដ្ឋានតាមតម្រូវការជាក់ស្ដែង។ចំណែកក្រុមយុវជនកាកបាទក្រហមកម្ពុជាពួកគាត់សុទ្ធតែទទួលបាននូវការបណ្ដុះបណ្ដាលប្រហាក់ប្រហែលនឹងអ្នកស្ម័គ្រចិត្ត ពួកគាត់ជាយុវជននៅក្នុងគ្រឹះស្ថានសិក្សា។សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតឱ្យមាននូវគម្រោងឈ្មោះថា “យុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពបចរាចរណ៍”។ រយៈពេល ២ឆ្នាំ (២០២០-២០២១) ក្រោមម្លប់នៃសន្តិភាព និងភាពឆ្លាតវៃប៉ិនប្រសព្វរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មិនថាការចម្លងវីរុសកូវីដ១៩ខ្លាំងក្លាយ៉ាងណាក៏អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមនៅតែរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ដោយបានលះបង់កម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយចំណេះដឹង ការពារខ្លួនកុំឱ្យឆ្លងមេរោគពីខ្នងផ្ទះមួយ ទៅផ្ទះមួយ ដោយចាប់ផ្ដើមពីចំណេះដឹងមូលដ្ឋាន រហូតមានយុទ្ធសាស្ត្រ។ ក្រៅពីការងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដោយបាន និងកំពុង អនុវត្តយ៉ាងសកម្មផុសផុលដោយកម្លាំងអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទបក្រហមទាំង ២៥រាជ ធានី ខេត្ត ក្នុងការកាត់បន្ថយការស្លាប់ របួស និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស៕

(ដោយនាគសមុទ្រ)