ពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តស្តីទីវត្ត គ្រូសូត្រស្តាំស្តីទីនិងស្រោចសុគន្ធវារីនៅវត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោលស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២ នៅ វត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោល ស្ថិតក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តស្តីទី គ្រូសូត្រស្តាំស្តីទី ក្រោមព្រះអធិបតីភាព ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស
និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណ
ស្រុករលាប្អៀរ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃសាលាអនុគណស្រុករលាប្អៀរ និង មានការចូលរួមពីលោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ លោក មាស សំណាង ប្រធានការិយាល័យ តំណាងលោក សរ លាងប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកតាំងប៊ុន ទត មេឃុំជ្រៃបាក់ និង ការិយាល័យជំនាញស្រុក ព្រមទាំងពុទ្ធបរិស័ទចូលរួមផងដែរ។

ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ បានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងព្រះគ្រូយសភិបាលមុនី ស៊ុន យីម ជាព្រះចៅអធិការស្តីទី និង ភិក្ខុ ផុន ភាន ជាគ្រូសូត្រស្តាំស្តីទីវត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោលស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាថាៈការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនាដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

ព្រោះថាទីវត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុង
ការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និង សង្គមជាតិ ។

មានប្រសាសន៍ក្នុងឱកាសនោះលោក មាស សំណាង បានផ្ដាំផ្ញើដល់ព្រះចៅអធិការស្តីទីនិងគ្រូសូត្រស្តាំទើបតែងតាំងថ្មីនិងពុទ្ធបរិស័ទត្រូវចេះសាមគ្គីភាពសហការគ្នាអោយបានល្អគឺត្រូវគោរព
តាមតួនាទីនិងភារកិច្ចរាងៗខ្លួនជៀស
វាងកើតមានអធិករណ៍នៅក្នុងវត្ត។

លោក ផៅ ស្រៀង ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់នូវជំងឺផ្សេងៗជាពិសេស ជំងឺ COVID-១៩ប្រភេទថ្មីអូមីក្រុង និង អនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំនិងត្រូវទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាបង្កើតភាពផ្សំក្នុងសហគមន៍ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវនេះពីសហគមន៍យើងអោយបានទាំងស្រុង។សូមចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម។

នៅចុងបញ្ចប់ព្រះមេត្តិសត្ថា វង្ស កុសល លោកផៅ ស្រៀង និង តាំង ប៊ុនទត បានប្រគេនសង្ឃដីកាសម្រេចរបស់សាលា
គណខេត្តនិងត្រាដល់ព្រះចៅអធិកាស្តីទី សង្ឃដីកាសម្រេចដល់គ្រូសូត្រស្តាំនិងស្រោចស្រពព្រះសុគន្ធវារីដល់ព្រះចៅអធិការស្តីទីវត្តនិងគ្រូសូត្រស្តាំផងដែរ៕
សុខ គឹមសៀន