0

អត្ថបទនិងរូបភាព សែម ឡំ

ព្រះវិហារ៖ ផ្ទះឈើពីខ្នង ទឹង ៨×៩ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តាម រួមនឹងឈើគ្រឿងសម្រាប់ធ្វើផ្ទះរបស់កូន ដែលរៀបគរនៅខាងក្រោម មិនទាន់បានលើក ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង បើទោះបីជាមានការជួយអន្តរាគមន៍ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្តី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣ រសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ នៅក្នុងករណីនេះនោះឡើយ។

យោងតាមសេចក្តីរាយការណ៍ ដែលភ្នាក់ងារយើងទទួលបានពីសមត្ថកិច្ច បានឲ្យដឹងថា៖ ចំពោះករណីនេះ គឺបណ្ដាលមកពីក្មេង ត្រូវជាចៅ កាន់ដែកកេះដុតសំរាមលេងខាងក្រោយផ្ទះ ទើបបណ្តាលឲ្យកើតមានអគ្គីភ័យឡើង។ ស្របជាមួយនឹងពួកគាត់ចេញទៅចំការបាត់ បន្សល់ទុកចៅនៅជាមួយម្តាយ ដែលកំពុងកូនខ្ចីនៅចាំផ្ទះ។

ក្រោយកើតហេតុ គេក៏សង្កេតឃើញមានវត្តមាន កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើន បានចេញមកជួយអន្តរាគមន៍ពន្លត់ដែរ។ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ដោយសារការឆេះខាងលើនេះមានល្បឿនលឿន។

ចំពោះហេតុការណ៍អគ្គីភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់ ទឹកអស់ចំនួន ៥រថយន្ត ស្មើនឹង២៥០០០លីត្រ ទើបធ្វើឲ្យភ្លើងរលត់ទាំងស្រុង នៅម៉ោងប្រមាណជាង៤។ ចំពោះទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន៖ ប្រាក់ដុល្លារ ចំនួន ១ម៉ឺនដុល្លារ, មាស ចំនួន៨ជី, គ្រឿងឈើទុកធ្វើផ្ទះ ចំនួន ១០ម៉ែត្រគីប, ឈើទុកធ្វើតុក ទូរ ទ្វារ គ្រែ ចំនួន ៤ម៉ែត្រគីប, ស្រូវ ចំនួន ៤៥ បេ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត៕