យុវជនដើម្បីឲ្យក្លាយជាសសរទ្រូងប្រទេសជាតិពិតប្រាកដ ក្រៅពីការខិតខំសិក្សារៀនសូត្រ ត្រូវបណ្ដុះផ្នត់គំនិតស្រលាញ់វប្បធម៌ជាតិនិយមនិងវប្បធម៌កតញ្ញូ

0

អត្ថបទនិងរូបភាពដោយ សេង ណារិទ្ធ
ខេត្តកំពត៖ អភិបាលខេត្តកំពតបានផ្តល់អនុសាសន៍ទូន្មានដល់យុវជនថា ក្រៅពីខិតខំសិក្សារៀនសូត្រឲ្យមានចំណេះជំនាញហើយនោះ យុវជនត្រូវមានបំណិតជីវិតនៅក្នុងសង្គមបន្ថែមទៀត ហើយដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ យុវជនត្រូវមានផ្នត់គំនិតស្រឡាញ់វប្បធម៌ជាតិនិយម និងវប្បធម៌កត្តញ្ញូ ពិសេសត្រូវចាំថាតើខ្លួនត្រូវដឹងអ្វី ចាំអ្វី និងត្រូវធ្វើអ្វីដើម្បីតបស្នងសង់គុណទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាព។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិកស មាជិកាសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យុវជនជំនាន់នេះ មានឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍សមត្ថភាពដើម្បីចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍដឹកនាំប្រទេសជាតិ ក្រោមដំបូលនៃសន្តិភាព។
ឯកឧត្តមបានផ្តល់នូវការទូន្មានយុវជនជំនាន់ក្រោយថា ទទ្ទឹមនឹងយុវជនបានរស់រានមានជីវិតប្រសើរ និងមានឱកាសគ្រប់បែបយ៉ាងដូចសព្វថ្ងៃហើយ យុវជនត្រូវមានរឿងត្រូវដឹង ត្រូវចាំ និងធ្វើដើម្បីជាកិច្ចតបស្នងសងគុណដល់ទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាពវិញ។
ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងកាលៈទេសៈនេះ យុវជនមានតួនាទីសំខាន់ណាស់ ដូច្នេះយុវជនត្រូវមានការប្រកួតប្រជែងគ្នា ដើម្បីបម្រើប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ មិនមែនដើម្បីដណ្តើមតំណែង និងផ្តល់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពិសេសត្រូវហ៊ានធ្វើ ហ៊ានថែរក្សាការពារសច្ចធម៌ សច្ចភាព និងសមិទ្ធផលរបស់ប្រទេសជាតិយើង ហើយត្រូវឆ្លើយតបជាបន្ទាន់ចំពោះក្រុមអមិត្តដែលចង់បំផ្លាញសន្តិភាព និងការរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានលើកបញ្ជាក់ថា សម្ពន្ធយុវជនស្រលាញ់សន្តិភាព គឺបច្ចុប្បន្នមិនតែ រួមចំណែកកម្មភាពសង្គម ជួយដល់ប្រជាជននិងអភិវឌ្ឍន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការថែរក្សាសមទ្ធិផលសង្គមនិងសន្តិភាពពេញផ្ទៃប្រទេសមានដូចសព្វថ្ងៃ ដែលសន្តិភាពនេះ បានរកមកដោយលំបាកក្រោមស្ថាបនិកនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុនសែនដើម្បីអភិវឌ្ឍធ្វើឲ្យសុខដុមរមនាប្រទេសជាតិនិងប្រជាជន។
ឯកឧត្តម នូរ ច័ន្ទដា សមាជិកក្រុមលេខាធិការសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និងជាប្រធានសម្ពន្ធយុវជន ស្រលាញ់សន្តិភាពភូមិភាគនិរតី(ខេត្តជាប់សមុទ្រ) បានប្រាប់ឲ្យដឹងថា សម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពតបានធ្វើសកម្មភាពការងារសង្គមជាច្រើននៅតាមបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដោយស្ម័គ្រចិត្ត ចំណាយធនធាន ស្មារតីសម្ភារៈ ថវិកាជាច្រើនសន្ធឹកសន្ធាប់ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ពិសេសការទប់ស្កាត់ចលនារបស់ពួកអមិត្តនិងបក្សប្រឆាំងដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនិងបំផ្លាញសន្តិភាព៕