កំពង់ផែទេសចរណ៍កោះទន្សាយត្រៀមលក្ខណៈសម្រាប់ការប្រើប្រាស់សាធារណៈ

0

អត្ថបទនិងរូបភាពដោយ សេង ណារិទ្ធ
ខេត្តកែប៖ កំពង់ផែទេសចរណ៍កោះទន្សាយ នឹងត្រៀមលក្ខណៈ ដើម្បីបម្រើការប្រើប្រាស់ជាលក្ខណៈសាធារណៈ ខណៈផែមួយនេះបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅជាងពាក់កណ្តាល នៃខែមករា ឆ្នាំ២០២២ កន្លងមក។
ទោះជាបែបណា ក្រោយពីដាក់សម្ពោធឱ្យដំណើរការ កំពុងផែទេសចរណ៍ កោះទន្សាយ ក្នុងខេត្តកែប ពុំទាន់បានរៀបចំអ្វីជាដុំកំភួននៅឡើយ ប៉ុន្តែដំណើរការនិងសកម្មភាពទូកទេសចរណ៍នៅតែបើកចរាចរធម្មតា ដោយមានដាក់តារាងតម្លៃសេវាជាក់លាក់នៅកន្លែងលក់សំបុត្រជូនភ្ញៀវ ដែលជួលទូកទេសចរណ៍ជិះទៅសម្រាក លម្ហែ កម្សាន្ត នៅតាមបណ្តាកោះនានា ពិសេសកោះទន្សាយ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា បើទោះជាកំពង់ផែទេសចរណ៍កោះទន្សាយត្រូវបានសម្ពោធដាក់ឱ្យដំណើរការ តែមិនទាន់រៀបចំផ្នែកបម្រើសេវាឱ្យបានគ្រប់ជ្រុងនៅឡើយ ខណៈផែទេសចរណ៍នេះពុំទាន់មានការដេញថ្លៃ។
ដោយឡែក លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកែប បានបញ្ជាក់ដែរថា តាមពិតកំពង់ផែទេសចរណ៍ខេត្តកែប មិនត្រូវធ្វើការដេញថ្លៃនោះទេ ព្រោះកំពុងផែទេសចរណ៍កោះទន្សាយ ជាផែរបស់រដ្ឋគ្រប់គ្រង សម្រាប់បម្រើសេវាជូនសាធារណជនទូទៅ ពិសេសសម្រាប់បម្រើលើវិស័យទេសចរណ៍។
ថ្វីដ្បិតកំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវស្ថាបនារួចរាល់ជាស្ថាពរ រហូតដល់សម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ គេកត់សម្គាល់ឃើញក្នុងបរិវេណកំពង់ផែទេសចរណ៍ហាក់ពុំទាន់មានភាពអ៊ូរអនៅឡើយទេ ប៉ុន្តែភ្ញៀវទេសចរណ៍នៅតែសម្រុកមកទិញសំបុត្រជួលទូក ដើម្បីជិះទៅ លម្ហែ តាមបណ្តាកោះនានាជារៀងរាល់ថ្ងៃ ពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕