អាជ្ញាធរខេត្តសៀមរាប បង្ហាញថា កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥ គឺជាផ្នែកដ៏សំខាន់មួយក្នុងការរួមចំណែកការសម្រេចចក្ខុវិស័យនេះ ទទួលបានជោគជ័យទៅក្នុងថ្ងៃអនាគត

0

សៀមរាប៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥ គឺជាផ្នែកដ៏សំខាន់មួយដែលនឹងរួមចំណែកក្នុងការសម្រេចចក្ខុវិស័យនេះ ឱ្យទទួលបានជោគជ័យទៅក្នុងថ្ងៃអនាគត ដែលជាគោលនយោបាយ និងកម្មវិធីកែទម្រង់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងតាមវិស័យត្រូវបានរៀបចំឡើងនឹងដាក់ឱ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអនុវត្តបន្ត ដើម្បីចូលរួមចំណែកការកសាងនឹងការអភិវឌ្ឍសង្គម។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ថ្នាក់ដឹកនាំមន្ទីរនានា និងថ្នាក់ដឹកនាំស្រុកក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន បានបង្ហាញថា កិច្ចការទាំងនេះ គឺត្រូវបានប្រកាន់ខ្ជាប់និងអនុវត្តផ្តើមចេញពីវិចារណវិទ្យា ភាពប្រាកដនិយម និងតថភាពសង្គម សេដ្ឋកិច្ច និង នយោបាយកម្ពុជា ឈរលើមូលដ្ឋាននៃសុខសន្តិភាព ដែលសម្រេចបានតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី២នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណហើយ អ្វីដែលនាំឱ្យមាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ ទី៣ និងទី៤ ក្នុងនីតិកាលបន្តបន្ទាប់នៃរដ្ឋសភានោះ គឺអភិបាលកិច្ចល្អ តែតែងត្រូវបានចាត់ទុកជាស្នូលដ៏សំខាន់នៃការងារកែទម្រង់ស៊ីជម្រូវរបស់រាជរដ្ឋាភិបាល។

លោកថាជាលទ្ធផល កម្ពុជាធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ព្រមទាំងសម្រេចបានការកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម ១០% ក្នុងឆ្នាំ២០១៩កន្លងមក។ គ្រប់តួអង្គពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់ នៅក្នុងវិស័យសាធារណៈដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈភាព។ ទន្ទឹមនឹងនេះ ខេត្តសៀមរាបយើងក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឲ្យយើងត្រូវតែមានសមត្ថភាពត្រៀមទុកជាមុន និងអាចឆ្លើយតបសមស្របណាមួយ ជាពិសេសការបន្តធានាឱ្យបាននូវស្ថិរភាពនិងសុខសន្តិភាព ការពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ ការលើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំងការដោះស្រាយបញ្ហាប្រឈមដែលបណ្តាល ពីការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ការបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ។

សូមជម្រាបថា កិច្ចប្រជុំនេះដែរ គឺដើម្បីប្រមូលធាតុផ្សំនៃបញ្ហាប្រឈមដែលបណ្តាលមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ ស្ថាប័ននានា ថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវបានអង្គប្រជុំលើកឡើងដាក់ជាសំនួរចម្លើយ នឹងសំណូមពរ ជាការឆ្លើយតបទៅតាមសភាពការជាក់ស្តែងនៃអង្គប្រជុំ ដើម្បីវាយតម្លៃដាក់ជូនទៅថ្នាក់ជាតិសម្រេច៕